ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តើមកពីមូលហេតុអ្វីបានជាភ្លៀងធ្លាក់មិនដល់១០នាទីផងធ្វើឱ្យជន់លិចផ្លូវលេខ៣៧១នៃខណ្ឌមានជ័យ

ភ្នំពេញ៖ មានភ្លៀងធ្លាក់យ៉ាងខ្លាំងតាមបណ្តោយផ្លូវលេខ៣៧១ នៃខណ្ឌមានជ័យ នាព្រឹកព្រលឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នេះ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះ គឺភ្លៀងធ្លាក់មិនដល់១០នាទីផងធ្វើឱ្យជន់លិចផ្លូវមួយនេះយ៉ាងគំហុក។

ប្រជាពលរដ្ឋអ្នកធ្វើដំណើរបានសម្តែងជាចម្ងល់ថា តើមកពីមូលហេតុអ្វី ឬមកពីទឹកហូរមិនទាន់ដោយសារតែខ្វះប្រព័ន្ធលូ ឬមកពីការលុបព្រែក លុបបឹង លុបប្រឡាយ លែងមានកន្លែងអាចឱ្យទឹកហូរទាន់ ពេលវេលាបាន ។ នាពេលកន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ប្រឡាយបង្ហូរទឹកមានតួនាទីសំខាន់ៗចំនួនពីរ ៖ ទី១-ជាផ្នែកមួយសម្រាប់ស្រោចស្រពដំណាំកសិកម្មរបស់បងប្អូនប្រជាកសិករ។ ទី២-តួនាទីសំខាន់មួយទៀតជាផ្នែកបង្ហូរទឹកដ៏មានសារៈសំខាន់ក្នុងការរំដោះទឹកចេញ កុំឱ្យជន់លិចក្នុងរដូវវស្សា។

អភិបាលរាជធានីភ្នំពេញ បានបន្តថា ដើម្បីកាត់បន្ថយជំនន់ទឹកភ្លៀងលិចក្នុងតំបន់មួយចំនួនតូចនៅរាជធានីភ្នំពេញ ត្រូវតែមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា កុំបោះសំរាមចូលក្នុងប្រឡាយបង្ហូរទឹក កុំរំលោភដីចំណីប្រឡាយដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ទុកឱ្យវាបម្រើផលប្រយោជន៍អ្នកដទៃផង៕ សំរិត