ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌ ទួលគោកដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺចំនួនពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសម្រួលចរាចរណ៍ឲ្យប្រជា ពលរដ្ឋបានធ្វើដំណើរមានភាពងាយស្រួលនិងជាការ លើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរផងដែរ។
ការសម្រេចឲ្យមានការអ៊ុតកៅស៊ូបេទីមីណឺខាងលើនេះ ធ្វើឡើងខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីខណ្ឌទួលគោកចុះពិនិត្យមើលស្ថានភាពផ្លូវទាំងពីរខ្សែនេះ កាលពីព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០២០ ក្រោយពី លោកអភិបាលរាជធានី បញ្ចប់ពិធី បើក សម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវស្ពានអាកាសថ្មើជើងក្នុងសង្កាត់ផ្សារដើមគរ ជាប់ព្រំប្រទល់ សង្កាត់ បឹងសាលាខណ្ឌទួលគោករាជធានីភ្នំពេញ។
កំណាត់ផ្លូវទាំង២ខ្សែដែលគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺនេះរួមមានផ្លូវលេខ១៨៦និងផ្លូវលេខ២៤៧ នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងខណៈ ចុះពិនិត្យមើលស្ថានភាពផ្លូវទាំង២ខ្សែនេះ បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការអ៊ុតកៅស៊ូលើបណ្ដោយផ្លូវ២ខ្សែ ក្នុងនោះមានផ្លូវលេខ១៨៦និងផ្លូវលេខ២៤៧ ដោយអ៊ុត ជាប្រភេទកៅស៊ូបេទីមីណឺ ក្នុងនោះសម្រាប់ផ្លូវ២៤៧ គឺចាប់ផ្ដើមពីផ្លូវលេខ១៨៦ ដល់មុខសាលាបឋមសិក្សាទឹកល្អក់ ។ ចំណែកផ្លូវលេខ១៨៦វិញនិងអ៊ុតចាប់ពីផ្លូវ លេខ២៤៧ ដល់ ២៦១ ។
អ៊ុតកៅស៊ូផ្លូវទាំងពីរខាងលើនេះ គឺដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍ ការ សម្រួល ចរាចរណ៍ជូនប្រជាពលរដ្ឋអោយមានភាពងាយ ស្រួល ហើយក៏ជាការលើកសុភ័ណភាពរាជធានីភ្នំពេញឲ្យមានភាព ស្រស់ស្អាតផងដែរ៕

ដោយ៖សំរិត