ព្រះវិហារ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយលោក ប្រាក់ សុវណ្ណ អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ និងសហការី បានអញ្ជើញសំណេះសំណាលជាមួយប្រជាកសិករ និងចែកតង់ផ្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណីត្រី ដល់កសិករចំនួន ៥០គ្រួសារ នៅភូមិពោធិ៍ឃឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបានឲ្យដឹងថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានទទួលកញ្ចប់ថវិកាពិសេសពីរាជរដ្ឋាភិបាល តាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ចុះអនុវត្តសកម្មភាពគាំទ្រទុន និងបច្ចេកទេសចិញ្ចឹមត្រីអណ្តែងចំនួន ១០០គ្រួសារ កសិករចិញ្ចឹមកង្កែបចំនួន ៧០គ្រួសារ និងកសិករផលិតកូនត្រីចំនួន ០៥គ្រួសារ។ ក្រៅពីនេះក៏នៅមានគម្រោងដៃគូផ្សេងទៀត បានចូលរួមចំណែកក្នុងការផ្តល់នូវបច្ចេកទេស ដល់កសិករចិញ្ចឹមត្រីចំនួន ២៥០គ្រួសារ និង ចងក្រងជាបណ្តុំកសិករចំនួន ០២បណ្តុំ ដើម្បីងាយស្រួលក្នុងការចរចាជាមួយទីផ្សារ។
លោករដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់កសិករគ្រប់រូបខិតខំប្រឹងប្រែងក្នុងការចិញ្ចឹមដើម្បីធានាការផ្គត់ផ្គង់ទីផ្សាររបស់យើងឱ្យបានពេញលេញ ហើយបានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្ត មេត្តាផ្តល់ការគាំទ្របច្ចេកទេស និងតាមដានពិនិត្យក្នុងករណីកសិករជួបបញ្ហាប្រឈមនានា ដើម្បីដោះស្រាយបានទាន់ពេលវេលា ហើយត្រូវរៀបចំយន្តការដោះស្រាយទីផ្សារជូនកសិករ ជៀសវាងបញ្ហាអស្ថេរភាពតម្លៃ។
លោករដ្ឋមន្រ្តី វេង សាខុន បានចែកជូនកសិករជានិម្មិតរូបចំនួន ៥០គ្រួសារ ដោយមួយគ្រួសារទទួលបាន កូនត្រីអណ្តែង ៧០០ក្បាល ឬកូនកង្កែប ៤០០ក្បាល និងចំណីចំនួន ១០០គីឡូក្រាម៕
