(ភ្នំពេញ)៖ លោកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន ECON Group បានថ្លែងថា ហេតុអ្វីបានជាម្ចាស់អាជីវកម្មទាំងនៅកម្ពុជា និងលើពិភពលោក សម្បូរអ្នកបរាជ័យច្រើនជាងអ្នកជោគជ័យ?
ថ្លែងក្នុងឱកាស Masterlife Club បើកសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំកំពូល កាលពីថ្ងៃទី៣សីហា លោកឧកញ៉ា យូ សាម៉េត ថ្លែងគួរបញ្ជាក់ថា« មូលហេតុដោយសារតែម្ចាស់អាជីវកម្មទាំងនោះ អត់យល់ពីទិសដៅ និងគោលដៅដែលគាត់ដើរទៅ ឬពួកគេមិនដឹងថា ដើរទៅតាមផ្លូវណា។ លោកបន្តថា ការមានគោលដៅបើកអាជីវកម្ម គឺជារឿងល្អសម្រាប់អ្នកមានក្តីស្រម៉ៃ ប៉ុន្តែបើគ្មានយុទ្ធសាស្ត្រដើរទេច្បាស់ជាជួបការបរាជ័យមិនខានឡើយ»។
លោកឧកញ៉ាបញ្ជាក់ថា Masterlife Club នឹងបង្រៀនបុគ្គលដែលបើកអាជីវកម្មដោយគ្មានយុទ្ធសាស្ត្រច្បាស់លាស់ ឲ្យមានយុទ្ធសាស្ត្រល្អ ដើម្បីភាពជោគជ័យ និងដើរផ្លូវត្រូវវិញ។ ពួកយើងទាញគាត់មកប្តូរយុទ្ធសាស្ត្រ ភាពជាអ្នកដឹកនាំ ប្រើយុទ្ធសាស្ត្រគ្រប់គ្រងបុគ្គលិក និងគ្រប់គ្រងអតិថិជន ។ គាត់បានរៀនហើយ គាត់នឹងភ្លឺ»។ នេះជាការបញ្ជាក់បន្ថែម របស់លោកឧកញ៉ាបណ្ឌិត យូ សាម៉េត ។
Masterlife Club ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៩ ហើយបច្ចុប្បន្នមានសមាជិកប្រមាណ ៤០០នាក់។ Club នេះបង្កើតឡើងក្នុងគោលបំណង បណ្តុះបណ្តាលផ្នែកអាជីវកម្ម ការគ្រប់គ្រង ការដឹកនាំ និងការចាត់ចែងជាដើម។
Masterlife Club ធ្វើការបង្វឹកណែនាំ ទៅលើម្ចាស់អាជីវកម្ម មន្ត្រីក្នុងស្ថាប័នផ្សេងៗ ឬអ្នកដែលមានក្តីស្រម៉ៃទៅជាអ្នកដឹកនាំ និងជាម្ចាស់អាជីវកម្មទៅថ្ងៃអនាគត។ជាយុទ្ធសាស្រ្តគឺ ការណែនាំម្ចាស់អាជីវកម្ម ឲ្យមានយុទ្ធសាស្ត្រធ្វើអាជីវកម្ម គឺជាគោលបំណងសំខាន់របស់ Club នេះតែម្តង។ លោកលើកឧទាហរណ៍ថា មានកូនសោមួយ នៅក្នុងបន្ទប់ងងឹត ដែលធ្វើឲ្យបុគ្គលម្នាក់មិនអាចរកកូនសោនោះឃើញឡើយ ប៉ុន្តែ Masterlife Club គ្រាន់តែយកភ្លើងទៅបំភ្លឺបន្ទប់នោះ គេនឹងរកកូនសោឃើញជាក់ជាមិនខាន។
អ្នកជំនាញរូបនេះ បានពន្យល់ថា ដើម្បីក្លាយជាអ្នកដឹកនាំកំពូល ត្រូវផ្តោតទៅលើ ៩ចំណុច រួមមាន ទី ១៖ ការកសាងទំនុកចិត្ត៖ មេដឹកនាំចាំបាច់ឲ្យបុគ្គលិកថ្នាក់ក្រោម ទុកចិត្តលើខ្លួន ១០០ភាគរយតែម្តង។ បើអ្នកដឹកនាំក្រុមហ៊ុនអ្វីមួយ ត្រូវតែឲ្យគេទុកចិត្តលើអ្នក។ បើមានតែបុគ្គលិកមួយ ដែលអត់ទុកចិត្តលើអ្នក ក៏អាចធ្វើឲ្យអាជីវកម្មប៉ះពាល់បានដែរ។
ទី២៖ Work Smart៖ មេដឹកនាំត្រូវធ្វើការឆ្លាត (Work Smart)។ ធ្វើជាមេដឹកនាំត្រូវតែជាអ្នក ដែលបង្ហាញផ្លូវតែជាផ្លូវកាត់ មិនមែនជាផ្លូវវែងពេក ឬផ្លូវមួយដែលធ្វើឲ្យបុគ្គលិកវង្វេងទេ គឺអ្នកត្រូវបង្ហាញផ្លូវ ដែលធ្វើឲ្យបុគ្គលិកធ្វើទៅងាយស្រួល និងធ្វើឲ្យបុគ្គលិកមានភាពច្នៃប្រឌិត។
ទី៣៖ ពូកែចាត់តាំង៖ មេដឹកនាំ គឺជាមនុស្សម្នាក់ ដែលពូកែចាត់តាំងឲ្យបុគ្គលិកធ្វើការ។ ឧទាហរណ៍ បុគ្គលិកដែលពូកែទំនាក់ទំនង ឬពូកែនិយាយ ឲ្យទៅជួបផ្ទាល់ជាមួយអតិថិជន។ នរណាពូកែគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវដាក់អ្នកនោះឲ្យគ្រប់គ្រង ទេពកោសល្យរបស់បុគ្គលិក។
ទី៤៖ មានភាសាដឹកនាំ៖ ត្រង់ចំណុចនេះ ស្មើនឹងសុភាសិតខ្មែរថា «ងើយស្កក ឱនដាក់គ្រាប់» នោះឯង។ មានន័យថា អ្នកត្រូវប្រើពាក្យណាដែលគួរឲ្យគោរព ដែលគួរឲ្យចង់ស្តាប់ ហើយមានអំណាច។ ឧទាហរណ៍ថា អ្នកទៅនិយាយជាមួយគេ តើត្រូវប្រើពាក្យ ខ្ញុំ ឬអញ ឬហែង ដែលបង្ហាញពីអំណាច និងបង្ហាញពីការគោរព។
ទី៥៖ ត្រូវគិតឲ្យដូចមេ៖ បើសិនជាបងប្អូនជាអ្នកធ្វើការឲ្យគេ យ៉ាងហោចណាស់ ត្រូវតែគិតឲ្យដូចប្រធាននៅទីនោះ ទេីបអាចក្លាយទៅជាមេដឹកកនាំកំពូលបាន។ អ្នកត្រូវមើលថា មេយើងធ្វើអ្វី ដែលនាំឲ្យគាត់រីកចម្រើន ហើយរៀនតាមគាត់? ម្យ៉ាងវិញទៀត បងប្អូនត្រូវមានបុគ្គលជោគជ័យណាម្នាក់ ជាអាយដល (Idol) ក្នុងចិត្ត ដូចជា ជេក ម៉ា, ម៉ាក្ស ស្សាក់គឺបឺគ, ប៊ីល ហ្គេតស៍, ដូ ណាល់ត្រាំ, និងជាមេដឹកនាំធំៗដទៃទៀត។ កាលណាអ្នកមានអាដល ធ្វើឲ្យអ្នកមានគំនិត និងឈានទៅដល់ការរីកចម្រើន។
ទី៦៖ មានការប្រកួតប្រជែង និងបង្កើតការប្រកួតប្រជែង៖ បុគ្គលិកមិនអាចរីកចម្រើនបានទេ បើសិនជាគាត់ធ្វើការដោយគ្មានការប្រកួតប្រជែង។ មានន័យថា ធ្វើល្អក៏មិនបានអី ហើយធ្វើល្មមៗ ក៏មិនបានអី។ អញ្ចឹងនរណាធ្វើល្អ អ្នកត្រូវមានអំណោយ មានពាន ឬមានអ្វីឲ្យទៅបុគ្គលិក។
ទី៧៖ ត្រូវតែចេះគាំទ្រក្នុងក្រុម៖ យើងជាអ្នកដែលដឹកនាំគេ នៅពេលបុគ្គលិកត្រូវការអ្នកជាចាំបាច់ អ្នកត្រូវតែចូលរួម អត់មានប្រកាន់ថា ខ្លួនជាមេ ឬជាធំទេ។
ទី៨៖ ដឹងពីរបៀបបញ្ចុះបញ្ចូលមនុស្ស៖ មនុស្សមានច្រើនប្រភេទណាស់។ អ្នកខ្លះមានប្រភេទ Funny អ្នកខ្លះគាត់មានប្រភេទរឹងរួស អ្នកខ្លះមានប្រភេទហ្មត់ចត់។ អញ្ចឹងអ្នកត្រូវដឹងពីរបៀបបញ្ចុះបញ្ចូល មនុស្សទៅតាមប្រភេទ។
ទី៩៖ លើកទឹកចិត្តចំគោលដៅ៖ មិនមែនសាច់ញាតិខ្លួន បងប្អូនខ្លួន ឬក៏ទាល់តែអ្នកនោះជាប់សែស្រឡាយខ្លួន ទើបលើកទឹកចិត្តនោះទេ។ នរណាដែលអ្នកត្រូវលើក គឺលើកឲ្យចំគោលដៅ។
អ្នកជំនាញបានសង្កត់ធ្ងន់ថា ការដឹកនាំ អ្នកត្រូវមាន Tool (គន្លឹះ) ក្នុងការដឹកនាំ។ ឧទាហរណ៍ នៅក្នុងកន្លែងមួយ មានភាពងងឹតណាស់។ អញ្ចឹងដើម្បីឲ្យភ្លឺ អ្នកត្រូវរកភ្លើងបំភ្លឺ! អ្នកគឺជា Tool ត្រូវមានអ្វីមួយជំរុញ ឲ្យកន្លែងនោះភ្លឺ។ ឧទារណ៍ថា បុគ្គលិកអ្នកកំពុងតែជួបបញ្ហា ឬគ្រួសារគ្រោះថ្នាក់នេះ គ្រោះថ្នាក់នោះ ធ្វើឲ្យគាត់បាក់ទឹកចិត្ត។ អ្នកធ្វើជាមេ ត្រូវមាន Tool មួយ ដើម្បីរុញ ឬត្រូវលើកទឹកចិត្ត និងយកអាសារ កុំឲ្យគាត់បាក់ទឹកចិត្តឲ្យសោះ។
សមាសភាពវាគ្មិនក្នុងវគ្គសិក្សា ភាពជាអ្នកដឹកនាំកំពូល មាន៦រូប រួមមាន៖
១៖ លោកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន ECON Group
២៖ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែររៀលអ៊ីស្ទេត
៣៖ លោកឧកញ៉ា ប៊ុន រតនា(សេម) អគ្គនាយកក្រុមហ៊ុន Amazing Family និងជាស្ថាបនិក S-Auto ទិញលក់រថយន្ត
៤៖ លោក ប៊ុន ផាក អគ្គនាយកក្រុមហ៊ុន Camazoon និង Phzar.com
៥៖ លោក លី ខេមរា អគ្គនាយកក្រុមហ៊ុន ភ្នំពេញឌីជីថលសើវីស
៦៖ លោក សឹង ចាតវិជ្ជា ស្ថាបនិក MasterLife Club៕