ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកម៉ក់ ពេជ្ជរិទ្ធ ចេញលិខិតប្រមូលមន្ត្រីកាំកុងត្រូលតាមច្រកសំខាន់ៗ ឲ្យមកអង្គុយ នៅស្នាក់ការកណ្តាលវិញ

ភ្នំពេញ៖ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកាំកុងត្រូល នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញលិខិតកោះហៅជាប្រញាប់ ឲ្យប្រធានស្នាក់ការកាំកុងត្រូល និងមន្ត្រីកាំកុងត្រូល ប្រចាំការតាមតំបន់សេដ្ឋកិច្ចពិសេសៗមួយចំនួន និងតាមបណ្តាច្រកទ្វារអន្តរជាតិផ្សេងទៀត សរុបទាំងអស់៨កន្លែង ប្រមូលគ្នាមកអង្គុយធ្វើការនៅក្នុងស្នាក់ការកណ្ដាល នារាជធានីភ្នំពេញ។

យោងតាមលិខិតអញ្ជើញរបស់លោក ម៉ក់ ពេជ្ជរិទ្ធ បានឲ្យដឹងថា ការដកមន្ត្រីកាំកុងត្រូលទាំងអស់ ចេញពីតំបន់មានទំនិញនាំចេញ-នាំចូល ទាំង៨កន្លែងនេះ គឺធ្វើឡើងតាមការសម្រេចរបស់អនុក្រឹតលេខ២៧ អនក្រ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការកែសម្រួលស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែងកម្ពុជា របស់រាជរដ្ឋាភិបាល។

លិខិតដដែលបានបញ្ជាក់ប្រាប់មន្ត្រីរបស់ខ្លួនថា «រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់តួនាទី និងភារកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូលរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម​​​ ចាប់ពីថ្ងៃទី០១​​​ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ»៕