ភ្នំពេញ៖ លោក ឃួង ស្រេង ជំរុញឲ្យមន្ដ្រីខណ្ឌ សង្កាត់រៀបចំអនុវត្តន៍យន្តការច្រកចេញ-ចូលតែមួយបានលឿន នៅថ្នាក់សង្កាត់ ដើម្បីបង្ខិតសេវាសាធា រណៈនៅជិតផ្ទះពលរដ្ឋ ស្របតាម គោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំស្ដីពីការរៀបចំអនុវត្តន៍យន្តការច្រកចេញ-ចូលតែមួយ ចំពោះការផ្ដល់សេវាផ្នែកអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ សីហា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ដើម្បីជំរុញការអ នុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ លើកិច្ចការអត្តសញ្ញាណកម្មឱ្យមានប្រសិទ្ធភាព និងបង្វិលសេវាកិច្ចការអត្តសញ្ញាណកម្មឱ្យកៀកជិតបងប្អូនប្រជា ពលរដ្ឋ ស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលសង្កាត់ ក្នុងរាជធានីភ្នំពេញ ជាការល្អប្រសើរបំផុត ស្របពេលនយោបាយកំណែ ទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
លោកឃួង ស្រេង បានបញ្ជាក់ថា៖ ដូច្នេះតាមរយៈរៈកិច្ចប្រជុំក្នុងថ្ងៃនេះ ប្រសិនបើកិច្ចការអត្តសញ្ញាណកម្ម ត្រូវបានថ្នាក់ជាតិ បង្ខិតសេវាឱ្យ កៀកជិតប្រជាពលរដ្ឋ ស្ថិតក្រោម សមត្ថកិច្ចរបស់រដ្ឋបាលសង្កាត់ ក្នុងរាជធានីភ្នំពេញ ខ្ញុំយល់ឃើញថា វាជាចំណុចវិជ្ជមាន ស្របពេលនយោបាយកំណែ ទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រោះថា យន្តការច្រក ចេញ-ចូលតែមួយ គឺជាការប្រមូលផ្ដុំសេវាសាធារណៈ នៅនឹងកន្លែង តែមួយ និងត្រូវផ្តល់ជូនប្រកបដោយប្រសិទ្ធ ភាព តម្លាភាព ឆាប់រហ័ស និងបង់ថ្លៃសេវាទៅតាមការកំណត់ដោយក្រសួង -ស្ថាប័នថ្នាក់ជាតិ។
លោក ឃួង ស្រេង បញ្ជាក់ថា៖ ជាការពិតណាស់ កិច្ចការអត្តសញ្ញាណកម្ម គឺជាកិច្ចការអាទិភាព និង សំខាន់ចាំបាច់បំផុត ក្នុងដំណើរការនៃការគ្រប់គ្រងស្ថានភាពប្រជាសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលត្រូវផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងអត្តសញ្ញាណ នៃរូបវន្តបុគ្គលម្នាក់ៗ ទៅនឹងសញ្ជាតិមួយជាក់លាក់ សម្រាប់ជាមូលដ្ឋាន ក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងក្នុងក្របខ័ណ្ឌផ្ទៃ ក្នុងប្រទេស សហគមន៍អាស៊ាន កម្រិតតំបន់ និងសកលលោក។
លោក ឃួង ស្រេង បន្ដថា៖ យ៉ាងណាមិញ ដោយមើលឃើញពីភាពចាំបាច់ និងដើម្បីពង្រឹង ការគ្រប់គ្រងអត្តសញ្ញាណបុគ្គល ជាពិសេសលើក កម្ពស់ការផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមាន សំណើ សុំពី សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានសម្រេចបង្កើត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចំណុះក្រសួងមហាផ្ទៃ ដើម្បីពង្រឹង ប្រសិទ្ធភាពលើការងារនេះ ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់ពេលបច្ចុប្បន្ននេះ ៕ សំរិត