មន្រ្តីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “បញ្ហាពាក់ព័ន្ធនឹងការនាំចូលវត្ថុធាតុដើមបម្រើវិស័យផលិតកម្មនៃសហគ្រាសធុនតូច និងមធ្យម” ចូលរួមពីលោក ផា អេងវេង អគ្គនាយករងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំ និងវត្តមាន លោកឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារទី៤ គយ-សហគ្រាសធុនតូច និងមធ្យមនៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន។
ក្រៅពីនេះមាន លោកឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារទី៣ គយ-ធុរកិច្ចបម្រើទីផ្សារក្នុងស្រុកនៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន និងវត្តមាន និងលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពីសំណាក់សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងម្ចាស់ អ្នកតំណាង ក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យមជាច្រើនរូបទៀតផងដែរ។
លោកឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា«គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះគឺដើម្បីស្វែងរកធាតុចូលពីសំណាក់ផ្នែកឯកជនទៅលើការទទួលការលើកទឹកចិត្តផ្នែកពន្ធគយក្នុងការនាំចូលវត្ថុធាតុដើមបម្រើសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាហើយជាលទ្ធផលកិច្ចប្រជុំពិភាក្សានេះបានទទួលធាតុចូលជាច្រើនពីសំណាក់ផ្នែកឯកជន»។