ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មនិងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជាបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥២ និងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥២ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ (Video Conference) កាលពីថ្ងៃទី២៥-២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបានលទ្ធផលដូចខាងក្រោម៖
កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១២ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈនិងការឆ្លើយតបលើកូវីដ-១៩ នៅក្នុងតំ​បន់។ ក្នុងនោះ កិច្ចប្រជុំបានពិភាក្សាលើការអភិវឌ្ឍលើផែនការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ និងការអនុវត្តផែនការសកម្មភាពទីក្រុងហាណូយ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចអាស៊ាននិងការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ ឆ្លើយតបទៅនឹងការរីករាលដាលនៃកូវីដ-១៩ ដើម្បីទប់ស្កាត់និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩មកលើសេដ្ឋកិច្ចក្នុងតំបន់ក៏ដូចជាពង្រឹងការតភ្ជាប់បណ្តាញផ្គត់ផ្គង់ ដើម្បីធ្វើឲ្យបណ្តាញផ្គត់ផ្គង់នេះកាន់តែមានភាពរឹងមាំនិងមិនឲ្យងាយរងផលប៉ះពាល់នាពេលអនាគត។

កិច្ចប្រជុំក៏បានអនុម័តផែនការសកម្មភាព CLMV ២០២១-២០២២ ដែលនឹងផ្តោតសំខាន់លើវិស័យចំនួន៥ គឺកិច្ចសហប្រតិបត្តិ្កការពាណិ​ជ្ជកម្ម​និងវិនិយោគ ការអនុវត្តការប្តេជ្ញាចិត្តក្នុងតំបន់ ក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍន៍ CLMV ធនធានមនុស្ស និងផែនការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩។
កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥២កិច្ចប្រជុំបានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តសមិទ្ធិផលសេដ្ឋកិច្ចរបស់វៀតណាមឆ្នាំ២០២០ និងបានលើកទឹកចិត្តដល់អង្គភាពពាក់ព័ន្ធបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងគោលដៅសម្រេចឱ្យបាននូវសមិទ្ធិផលទាំងអស់ក្នុងឆ្នាំនេះ។

កិច្ចប្រជុំក៏បានពិភាក្សាលើស្ថានភាពវិវត្តន៍ក្នុងតំបន់ និងសកលជាពិសេសផលប៉ះពាល់សេដ្ឋកិច្ចបណ្តាលមកពីកូវីដ-១៩ ដោយផ្តោតសំខាន់លើការរក្សាការបើកទីផ្សារ ការលុបបំបាត់របាំងពាណិជ្ជកម្ម ការរក្សាការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ ការប្រើប្រាស់បច្ចេកវិទ្យា និងការអនុវត្តផែន​ការសកម្មភាពទីក្រុងហាណូយ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចអាស៊ាននិងការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ឆ្លើយតបទៅនឹងការរីករាលដាលនៃកូវីដ-១៩។

ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យមានការសហការគ្នាឱ្យកាន់តែជិតស្និទ្ធលើកិច្ច​សម្រួលពាណិជ្ជកម្មនិងវិនិ​យោគ លុបបំបាត់របាំងពាណិជ្ជកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីស្តារឡើងវិញនូវទំនុកចិត្តរបស់វិស័យធុរកិច្ច និងអតិថិជន។ លោករដ្ឋមន្រ្តី ក៏ជម្រាបជូនអង្គប្រជុំពីស្ថានភាពកូវីដ-១៩ នៅកម្ពុជា និងវិធានការដ៏មានប្រសិទ្ធភាព និងមុតស្រួចដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តីជាប្រមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជាពុំមានអ្នកស្លាប់ដោយសារ​កូវីដ-១៩។
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៨ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប)កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃការចរចា និងដោះស្រាយបញ្ហាសេសសល់ សម្រាប់ការរៀបចំការចុះហត្ថលេខាកិច្ចព្រមព្រៀងអាសិបនៅខែវិច្ឆិកា ឆ្នាំ២០២០នេះ តាមអាណត្តិផ្តល់ឱ្យដោយប្រមុខដឹកនាំអាសិប កាលពីកិច្ចប្រជុំកំពូលអាសិបលើកទី៣ ឆ្នាំ២០១៩។ ក្នុងកាលៈទេសៈដ៏លំបាកដែលបង្កឡើងដោយ​វិបត្តិ
កូវីដ-១៩នេះ រដ្ឋមន្រ្តីទាំងអស់បានសង្កត់ធ្ងន់លើការបើកចំហទីផ្សារ (ទំនិញ សេវាកម្ម និងវិនិយោគ) ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំរួមគ្នារវាងប្រទេសនៅក្នុងតំបន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

រដ្ឋមន្រ្តីទាំងអស់ បានស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការចរចាបើកទីផ្សារ (ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងវិនិយោគ) និងបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបនៅចុងឆ្នាំនេះ ដែលវាមានសារៈសំ​ខាន់​ខ្លាំងក្នុងការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ ជាពិសេសសម្រាប់ការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩។