ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Untitled

បែកធ្លាយ ស្មៀនឃុំព្រះស្រែ ស្រុកឧដុង្គឈ្មោះ ហ៊ុយ សេង ជាអ្នករៀបចំឯកសារឲ្យឧកញ៉ា សូ សារឹម លួចដីពលរដ្ឋ និងដីរដ្ឋលក់

កំពង់ស្ពឺ៖ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនឧកញ៉ា ម្នាក់ជំនាញរកស៊ីគក់ជេដី ឈ្មោះ សូ សារឹម ត្រូវចាប់ខ្លួន យកទៅដាក់គុកខេត្តកំពង់ស្ពឺ ពាក់ព័ន្ធសំណុំរឿង រំលោភលើទំនុកចិត្ត កាលពីប៉ុន្មានថ្ងៃមុននេះ ស្រាប់តែបែកធ្លាយព័ត៌មានពីពលរដ្ឋរងគ្រោះថា ករណីដីធ្លីរបស់ពួកគាត់ មានការជាប់ពាក់ព័ន្ធនឹងមន្ត្រីសាលាឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋ៤គ្រួសារ ក្នុងចំណោម១១គ្រួសារ ជាម្ចាស់ដី ដែលបានលក់ដីឲ្យលោក សូ សារឹម បាននិយាយថា មកដល់ពេលនេះ ពួកគាត់មិនទាន់បានទទួលលុយថ្លៃដីគ្រប់ចំនួន ពីឈ្មោះ សូ សារឹម នៅឡើយ បានទទួលត្រឹមតែប្រាក់កក់ថ្លៃដីតែប៉ុណ្ណោះ ខណៈដីស្រែរបស់ពួកគាត់ ត្រូវបានធ្វើបណ័្ណកម្មសិទ្ធិដាក់ឈ្មោះអ្នកដទៃរួចទៅហើយ។

ប្រជាពលរដ្ឋបានអះអាងថា គាត់ទើបបានដឹងរឿងលោក សូ សារឹម យកដីពួកគាត់ទៅលក់ឲ្យអ្នកទី៣ ឈ្មោះ លី ជុន កាលបពីអំឡុងខែមករា ឆ្នាំ២០១៩ នៅពេលគេដាក់គ្រឿងចក្រ មកកាយព្រំដី ។

នៅពេលនោះ ទើបពួកគាត់បានឃើញថា ឈ្មោះ លី ជុន មានប័ណ្ណកម្មសិទ្ធិលើដីទំហំសរុប១០៣,៣៦០ ម៉ែត្រក្រឡា ដែលមានការវាស់វែង និងបង់ពន្ធប្រថាប់ត្រា ដោយមានឈ្មោះ សូ សារឹម ជាអ្នកលក់ និងបានផ្តិតមេដៃផ្ទេរប័ណ្ណកម្មសិទ្ធិ។

ពលរដ្ឋរងគ្រោះ៤គ្រួសារ ឈ្មោះ ឆាយ អែម, ឈ្មោះ នយ ភន, ឈ្មោះ នយ ណយ និងឈ្មោះ មាស ប៉ិច បានបញ្ជាក់ថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៨ ឈ្មោះ សូ សារឹម បានយល់ព្រមទិញដីស្រែរបស់ពួកគាត់ក្នុងតម្លៃចន្លោះពី២,៥០ដុល្លារ ទៅ៥,២០ដុល្លារ ក្នុងមួយម៉ែត្រក្រឡា។

ដោយមានការព្រមព្រៀងគ្នា ឈ្មោះ សូ សារឹម បានយកប្រាក់មកកក់ថ្លៃដីពួកគាត់មួយចំនួន ដោយឲ្យលុយកក់ តិច ឬច្រើនទៅតាមទំហំដីចន្លោះពី១ម៉ឺនទៅជាង២ម៉ឺនដុល្លារ។

ឈ្មោះ សូ សារឹម បានសន្យាជាមួយពួកគាត់ថា នៅពេលពួកគាត់ រត់ប្លង់ត្រឹមភូមិឃុំរួច នឹងប្រគល់ប្រាក់ជូនគ្រប់ចំនួន ដើម្បីយកប្លង់ដី។

លុះក្រោយមកស្រាប់តែឈ្មោះ សូ សារឹម បានប្រគល់ប្រាក់គ្រប់ចំនួន ឲ្យពលរដ្ឋបានតែ៧គ្រួសារប៉ុណ្ណោះក៏រៀបចំឲ្យមានមន្ត្រីចុះវាស់វែងធ្វើប្លង់ដីរួម ទាំងដីរបស់ពលរដ្ឋចំនួន៤គ្រួសារទៀត ដែលមិនទាន់បានលុយថ្លៃដីគ្រប់ និងមិនទាន់ទាំងបានផ្ទេរសិទ្ធិលក់នៅថ្នាក់ភូមិឃុំឲ្យទៅឈ្មោះ សូ សារឹម នៅឡើយ។

នៅថ្ងៃទី២៨ .២៩ ខែមករា ឆ្នាំ២០១៩ នៅពេលគ្រឿងចក្ររបស់ម្ចាស់ដី ដែលទិញបន្តពីឈ្មោះ សូ សារឹម បង្ហាញប្លង់ទើបពួកគាត់ដឹងថា ដីពួកគាត់ត្រូវ ឈ្មោះ សូ សារឹម យកទៅលក់បន្ត និងធ្វើប្លង់រួចស្រេចទៅហើយ គាត់មិនទាន់បានលុយគ្រប់ចំនួនផង។

ចំណែកជនរងគ្រោះឈ្មោះ យ័ន សុផេត ភេទស្រី អាយុ៤៧ឆ្នាំ មានប្តីឈ្មោះ ចុន ឌុល បាននិយាយថា «ស្រែខ្ញុំ ទំហំជាង៥ហិកតាកន្លៈ គេបាញ់ដាក់ចូលក្នុងប្លង់យកទៅលក់ដែរ ខ្ញុំអត់ដែលបានលក់ឲ្យគេផង ឥឡូវស្រាប់តែគេថា ឈ្មោះ សូ សារឹម លក់ឲ្យគេបាត់ហើយ»។

ពលរដ្ឋរងគ្រោះ បានសម្តែងការហួសចិត្ត នៅពេលពួកគាត់បានឃើញប្លង់ដីនោះ មានឈ្មោះ ហ៊ុយ សេង មានតួនាទីជាស្មៀនឃុំព្រះស្រែ ស្រុកឧតុង្គ ខេត្តកំពង់ស្ពឺ ជាអ្នកកត់ត្រាកំណត់ហេតុវាស់វែង និងជាអ្នករៀបចំការចូលរួមវាស់វែងដីពួកគាត់ និងរៀបចំឯកសារធ្វើប័ណ្ណកម្មសិទ្ធិថ្មី
ឲ្យ ឈ្មោះសូ សារឹម យកទៅលក់បន្តដោយមិនបានឲ្យពួកគាត់បានដឹងឡើយ។

លោក សួន ហឿន ប្រធានភូមិរំលេច បាននិយាយថា «គេមកវាស់ដីប្រជាពលរដ្ឋធ្វើប្លង់រួម ច្រើនលើកច្រើនសារមកហើយ តែពលរដ្ឋមួយចំនួនហាមឃាត់ ព្រោះមិនទាន់បានលុយគ្រប់ចំនួន»។

លោកបានបញ្ជាក់បន្ថែមថា លោកក៏មានការភ្ញាក់ផ្អើលដែរ នៅពេលឃើញប្លង់ដី ដែលឈ្មោះ សូ សារឹម លក់ឲ្យឈ្មោះ លី ជុន មានដីពលរដ្ឋ ដែលមិនទាន់បានលុយគ្រប់ និងដីដែលពលរដ្ឋមិនបានលក់ឲ្យបែបនេះ។ ចំណែកលោកស្មៀន ឃុំឈ្មោះ ហ៊ុយ សេង អត់ដែលបានហៅលោកជាប្រធានភូមិយចូលរួមដឹងឮពេលមន្ត្រីជំនាញ ចុះមកវាស់ដីពលរដ្ឋនោះទេ គេធ្វើតែគ្នាគេស្ងាត់ៗ។

លោកប្រធានភូមិរំលេច បញ្ជាក់ទៀតថា មិនថាតែដីពលរដ្ឋ ដែលមិនទាន់បានលុយគ្រប់ទេ សូម្បីតែដីម្ចាស់គេមិនបានលក់ផង ក៏មានអ្នកលួចធ្វើប័ណ្ណកម្មសិទ្ធិរំលោភយកដែរ រាប់ទាំងដីផ្លូវរទេះគោបុរាណ មានទំហំទទឹង១០ម៉ែត្រ ដោយគិតទាំងចំណីផ្លូវ និងប្រវែងជាង២០០ម៉ែត្រ ដែលពលរដ្ឋប្រើប្រាស់រាប់ជំនាន់មកហើយ ក៏ស្មៀនឃុំ និងមន្ត្រីជំនាញ វាស់វែងបាញ់ចូលប្លង់ឲ្យឈ្មោះ សូ សារឹម លក់ឲ្យឈ្មោះ លី ជុន អស់ហើយ។

លោក សួន ហឿន ប្រធានភូមិរំលេច បានបន្តថា ប្លង់ដីដែលទិញលក់ទាំងអស់នោះភាគច្រើន គឺប្រជាជនរស់នៅភូមិរបស់លោក ប៉ុន្តែនោះលើឯកសារ ទិញលក់ បែរជាមានឈ្មោះ សំ លន ជាប្រធានភូមិតារា ជាអ្នកផ្តិតមេដៃ ធ្វើសាក្សីឲ្យអ្នកលក់ឈ្មោះ សូ សារឹម ទៅវិញ។

លោក សំ លន ប្រធានភូមិតារា បានបញ្ជាក់ប្រាប់  ថាលោក អត់ដែលបានផ្តិតមេដៃ ធ្វើសាក្សីក្នុងឯកសារទិញលក់ដី រវាងឈ្មោះ សូ សារឹម និងឈ្មោះ លី ជុន នោះទេ។ លោកទទួលស្គាល់ថា ដីដែល ឈ្មោះ លី ជុន ទិញពីឈ្មោះ សូ សារឹម គឺមានទីតាំងស្ថិតនៅភូមិរំលេច។ លោក ក៏មិនដែលបាន ទៅចូលរួមវាស់វែងដីនោះជាមួយមន្ត្រីជំនាញ និងមន្ត្រីសាលាឃុំដែរ។

បើយោងតាមឯកសារ កំណត់ហេតុស្តីពីការវាស់វែងអចលនទ្រព្យដែលមិនទាន់ចុះបញ្ជី ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ គឺមានឈ្មោះ ហ៊ុយ សេង ជាស្មៀនឃុំព្រះស្រែ ស្រុកឧដុង្គ ជាអ្នកធ្វើកំណត់ហេតុ និងបានចុះហត្ថលេខាត្រឹមត្រូវ។

ទាក់ទិននឹងករណីនេះ លោក ងួន វាសនា អភិបាលស្រុកឧដុង្គ បានប្រាប់ ថា សូមឲ្យបងប្អូន ដែលជាពលរដ្ឋរងគ្រោះ ទៅដាក់ពាក្យបណ្តឹង នៅសាលាស្រុក ដើម្បីអាជ្ញាធរ ដោះស្រាយជូនតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា រឿងរ៉ាវ រៀបចំប្លង់ដី លួចដីរាស្ត្រ និងលួចដីរដ្ឋ(ផ្លូវរទេះ) យកឲ្យឧកញ៉ា សូ សារឹម លក់យកលុយចាយ ពីសំណាក់លោក ហ៊ុយ សេង ជាស្មៀនឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានបែកធ្លាយ សាយសុះ និងបង្កភាពភ្ញាក់ផ្អើលកាន់តែខ្លាំងដល់ប្រជាជនក្នុងមូលដ្ឋាន បន្ទាប់ពីកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ជនសង្ស័យ ឈ្មោះ សូ សារឹម ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចហាងកាហ្វេ មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ ភូមិបែកថ្លាង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ច ឲ្យដឹងថា ការឃាត់ខ្លួនលោកសូ សារឹម តាមដីកា បង្គាប់ឲ្យចូលខ្លួន របស់លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ សំណុំរឿង រំលោភលើទំនុកចិត្ត ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ដែលជនសង្ស័យបានប្រព្រឹត្តកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិរំលេច និងភូមិតារា ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

មកដល់ពេលនេះ ជនសង្ស័យឈ្មោះ សូ សារឹម ត្រូវចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាបណ្តោះអាសន្នរួចហើយ។

ក្រៅពីករណីដែលត្រូវពលរដ្ឋ អះអាងថា បានជួយរៀបចំឯកសារធ្វើប្លង់ លួចដីរាស្ត្រ និងដីរដ្ឋ យកឲ្យឧកញ៉ា សូ សារឹម លក់ លោក ហ៊ុយ សេង ជាស្មៀនឃុំព្រះស្រែ ក៏ត្រូវថៅកែទិញដីម្នាក់ បង្ហើបថា បានឆបោកលុយលោកចំនួន ១ម៉ឺនដុល្លារផងដែរ ដោយសន្យាថា យកទៅទិញដីគេឲ្យ ប៉ុន្តែមកដល់ពេលនេះ ឈ្មោះ ហ៊ុយ សេង មិនមានដីប្រគល់ឲ្យម្ចាស់លុយនោះទេ ចំណែកលុយ ១ម៉ឺនដុល្លារ ក៏មិនសងឲ្យទៅម្ចាស់ដើមវិញដែរ៕