ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តកំពង់ចាម​ ឲ្យលុយសមត្ថកិច្ច​ចម្រុះ​​ ដែលរៀបចំ​សណ្តាប់ធ្នាប់នៅ​​ទីប្រជុំជន​ផ្សារ​ផ្អាវ​

កំពង់ចាម៖ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អញ្ជើញ​​ជួប​សំណេះសំណាល​ និង​ឧបត្ថម្ភជា​ថវិកា​មួយ​ចំនួន​ដល់​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​​ បន្ទាប់​ពី​​រៀបចំសណ្ដាប់ធ្នាប់​នៅ​តំបន់​ទីប្រជុំជនផ្សារផ្អាវ​ ​ប្រកប​ដោយ​ភាព​ជោគជ័យ ក្រោយពេល​គណៈកម្មការ ដឹកនាំដោយ លោក អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត និងលោក សំ ពិសិដ្ឋ នាយករងរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សហការជាមួយអាជ្ញាធរស្រុក។

ឆ្លៀត​ក្នុង​ឱកាសនេះដែរ​ លោក​ អភិបាលខេត្ត​ បាន​ថ្លែង​ថា​ ប្រសិនបើអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច នៅតែបណ្ដែតបណ្ដោយ មិនព្រមរៀបចំសណ្ដាប់ធ្នាប់នៅតាមទីប្រជុំជនជននានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រហូតបណ្ដាលឲ្យមានការកកស្ទះ និងបង្កឲ្យមានភាពអនាធិបតេយ្យកើតឡើងនោះ​ គឺជាកំហុសមួយយ៉ាងធ្ងន់ធ្ងរ​មិន​ខាន​ តែទោះជា​យ៉ាងណា​ពេល​នេះ ត្រូវបានដោះស្រាយ​ដោយជោគជ័យ​ហើយ​។ 

បើតាមលោក ផេន សុផល អភិបាល​ស្រុក​បាធាយ​ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី៣០ ខែសីហាឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម​ បានប្រគល់កិច្ចការថែរក្សាសណ្ដាប់ធ្នាប់ នៅទីប្រជុំជនផ្សារផ្អាវ មកឲ្យអាជ្ញាធរស្រុកបាធាយ ជាអ្នកធ្វើកិច្ចការនេះបន្ត។

លោក ផេន សុផល បានបញ្ជាក់ថា ការរៀបចំសណ្ដាប់ធ្នាប់ នៅទីប្រជុំជនផ្សារផ្អាវនេះ បានប្រព្រឹត្តទៅដោយរលូនក្នុងរយ:ពេល៣៣ថ្ងៃ ដោយក្នុងប្រតិបត្តិការនេះ ប្រជាពលរដ្ឋនៅតាមអមសង្ខាងផ្លូវ បានចូលរួមសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច ពេលចុះធ្វើការឈូសឆាយរៀបចំសម្អាតដីចំណីផ្លូវទាំងសងខាងផ្លវនោះ។

លោកអភិបាលស្រុកបាធាយបានបន្តថា កិច្ចការរៀបចំសណ្ដាប់ធ្នាប់​នៅតំបន់​ទីប្រជុំជនផ្សារផ្អាវបន្ត លោកនឹងរៀបចំ បង្កើតគណៈកម្មការ ដើម្បី ធ្វើការចំបន្តដូចជា ការថែរក្សាសណ្ដាប់ធ្នាប់ឲ្យបានល្អ និងមិនអនុញ្ញាតឲ្យអាជីវករលក់ដូរលើចិញ្ចើមផ្លូវ ដែលហួសគំនូស អាជ្ញាធរបានកំណត់។

ដោយឡែក ប្រសិនបើប្រជាពលរដ្ឋ ដែលចង់សាងសង់ ចាក់សាប ឬកែសោភ័ណភាពមុខផ្ទះរបស់ខ្លួន ត្រូវរង់ចាំគណៈកម្មការបច្ចេកទេសមកត្រួតពិនិត្យសិន ទើបអនុញ្ញាតឲ្យពួកគាត់អនុវត្តការសាងសង់ដោយស្ម័គ្រចិត្ត ដោយមិនអនុញ្ញាតឲ្យសាងសង់ខ្ពស់ ទាបជាងគ្នា ឬការ សាងសង់ខុសបទដ្ឋានបច្ចេកទេសនោះ​ឡេីយ​៕