Worldometer បានចុះផ្សាយថា វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ក្នុងមួយថ្ងៃ គឺចំនួន ៦២៤២នាក់ និងឆ្លងទៅមនុស្សថ្មីប្រមាណជាង២៨ម៉ឺននាក់ គឺចំនួន ២៨៣ ០៥៤នាក់ នៅជុំវិញពិភពលោក ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញានេះ ។
ប្រភពដដែលបានបន្តថា ៣ប្រទេសនៅលើពិភពលោក គឺសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល និងប្រទេសឥណ្ឌា នៅតែជាប្រទេសមានមនុស្សស្លាប់ថ្មី និងឆ្លងថ្មីប្រចាំថ្ងៃនៃវីរុសCovid-19ច្រើនជាងគេបំផុត ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប្រទេសឥណ្ឌាមានមនុស្សឆ្លងវីរុសនេះប្រចាំថ្ងៃច្រើនជាងគេរហូតដល់ ៨២ ៨៦០នាក់ និងមនុស្សស្លាប់ថ្មីចំនួន ១០២៦នាក់ ប្រទេសប្រេស៊ីលមានមនុស្សឆ្លងថ្មីប្រចាំថ្ងៃចំនួន ៤៨ ៦៣២នាក់ និងមនុស្សស្លាប់ថ្មីចំនួន ១២១៨នាក់ និងសហរដ្ឋអាមេរិកមានមនុស្សឆ្លងថ្មីចំនួន ៤០ ៦៨៥នាក់ និងមនុស្សស្លាប់ថ្មីក្នុងមួយថ្ងៃចំនួន ១០៥៩នាក់ ។
សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ចំនួន ២៦ ១៦៧ ០៦០នាក់ និងកំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ចំនួន ៨៦៦ ៥៤០នាក់ ខណៈដែលមនុស្សជាសះស្បើយសរុបបានកើនឡើងដល់ចំនួន ១៨ ៤២៥ ៩៨៣នាក់ ៕