ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានរៀបចំខ្លួនរួចរាល់ហើយក្នុងការបង្ការទប់ស្កាត់និងបង្ការជំងឺកូវីដ–១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងអប់រំ យុវជននិងកីឡា ខណៈបើកសាលាឲ្យសិស្សថ្នាក់ ទី៩និងថ្នាក់ទី ១២បានសិក្សារៀនសូត្រនៅថ្ងៃ៧កញ្ញាខាងមុខនេះ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២០នេះ អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌនឹងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានចុះទៅធ្វើការពិនិត្យស្ថានភាពជាក់ស្តែង នៅក្នុងវិទ្យាល័យបាក់ទូក ស្ថិតក្នុងខណ្ឌ៧មករា ដើម្បីត្រៀម ក្នុងការបើកសាលាឲ្យសិស្សានុសិស្សថ្នាក់ទី ៩និងថ្នាក់ទី១២ បានរៀនសូត្រ ដោយខាងសាលារៀន បានរៀបចំ អនាម័យបរិស្ថានជាមួយនឹងការបំពាក់នូវគ្រឿងឧបក រណ៍ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ–១៩ ដែលបានមកពីការជួយឧបត្ថមពីរដ្ឋបាលរាជធានីភ្នំពេញ។
លោកលោក តូច កន្តាល់ នាយកវិទ្យាល័យបាក់ទូកបានមានប្រសាសន៍លើកឡើងថា អនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងអប់រំ យុវជននិងកីឡាសាលារៀនទាំងអស់ សម្រាប់ថ្នាក់ទី ០៩និងថ្នាក់ទី១២ ត្រូវបានបើកអោយសិស្ស បានសិក្សារៀនសូត្រឡើងវិញដោយចាប់ពីថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២០ខាងមុខនេះតទៅ។
លោកបញ្ជាក់ថា កន្លងមកនេះ ពោលគឺនៅពេលមិនទាន់មានមេរោគកូវីដ–១៩ ជាធម្មតា សិស្សត្រូវរៀនក្នុង១ថ្នាក់ប្រមាណ៥០នាក់ តែសម្រាប់ការ បើកសាលាអោយសិស្សបានរៀនឡើងវិញនាថ្ងៃទី០៧ខែកញ្ញាខាងមុខនេះ គឺមិនដូចនាពេលកន្លងមកនោះទេ គឺក្នុងមួយថ្នាក់ៗ អោយសិស្សរៀនមិនអោយលើសពី២០នាក់នោះទេ ហើយមួយថ្ងៃ សិស្សអាចសិក្សាត្រឹម៣ម៉ោង និង១សប្តាហ៍រៀនបាន
ពី៤ទៅ៥ថ្ងៃប៉ុណ្ណោះ ជាមួយនឹងការដាក់ចេញនូវវិធានការ ដើម្បីការពារនូវជំងឺកូវីដ–១៩ ផងដែរ ដោយតម្រូវឱ្យមានច្រកចេញចូលដែលមានការបាញ់អាកុលសំលាប់មេរោគ ការពាក់ម៉ាសការពារ ការអនុវត្តវិធានការ លាងដៃនឹងសាប៊ូ អាកុល ទឹកជេល នឹងការដាក់គម្លាតសុវត្ថិភាពពីគ្នាមួយម៉ែត្រកន្លះផងដែរ។ ក្រៅពីនេះវេនចេញលេងរបស់សិស្សក៏ត្រូវមានការប្ដូរវេនគ្នាផងដែរ។
លោកហែម ស៊ីណារ៉េតប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ការបើកសាលារៀនឡើងវិញនេះគឺអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងអប់រំ ដោយយើងត្រូវរៀបចំជាគណៈកម្មការដើម្បីត្រួតពិនិត្យ ហើយបើមានបញ្ហាអ្វីមួយ ដូចជាការឡើងកម្ដៅខ្ពស់ យើងនឹងផ្ដល់ព័ត៌មានដល់ស្ថាប័នពាក់ព័ន្ធ និងការផ្ដល់តាមលេខទូរសព្ទ១១៥ជាដើម។ ពាក់ព័ន្ធនឹងការបើកសាលារៀនវិញនៅថ្ងៃទី០៧ខែកញ្ញាខាងមុខនេះមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានរៀបចំរួចរាល់ហើយ ចំពោះវិធានការការពារទប់ស្កាត់នូវជំងឺកូវីដ–១៩។
យុវសិស្ស ព្រុំ សំណាង ដែលជាសិស្សរៀននៅថ្នាក់ទី១២នៃវិទ្យាល័យបាក់ទូក បានបញ្ជាក់ពីជំហររបស់ខ្លួនថាការដែលក្រសួងអប់រំអនុញ្ញាតសិស្សថ្នាក់ទី៩និងថ្នាក់ទី១២ បានចូលរៀនសូត្រឡើងវិញនេះ គាត់ពិតសប្បាយរីករាយណាស់ និងមានការជឿទុកចិត្តយ៉ាងខ្លាំងទៅលើវិធានការការពារទប់ស្កាត់នូវជំងឺកូវីដ–១៩របស់សាលា ដោយយុវសិស្សរូបនេះអះអាងថា វិធានការការពារទាំងនេះ អាចធ្វើឲ្យឪពុកម្ដាយនិងព្យាបាលរបស់គាត់មានទំនុកចិត្តនិងជឿជាក់ថា មិនមានការឆ្លងនូវជំងឺកូវីដ–១៩ ក្នុងអំឡុងពេលដែល ពួកគាត់សិក្សារៀនសូត្រនេះទេ។
បើតាមយុវតីឈ្មោះនឿន ធីតាក៏បានបញ្ជាក់ស្រដៀងនឹងគ្នានេះផងដែរ ហើយនាងក៏បានសូមអំពាវនាវដល់សិស្សានុសិស្សទាំងអស់ដែល
ត្រូវចូលរៀននៅថ្ងៃទី ០៧ខែកញ្ញានេះ សូមចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ឲ្យបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ–១៩។ នាងក៏បានបញ្ជាក់ផងដែរថា ការសិក្សាតាមអន ឡាញកន្លងមកនេះ នាងពិតជាមានការលំបាកក្នុងការរៀនសូត្រ មានបញ្ហ ឬចំណល់អ្វីមួយមិនដឹងថា សាកសួរយ៉ាងណា ដែលនេះជាបញ្ហា ។ នាងថាការបើកឲ្យមានការសិក្សាផ្ទាល់ជាមួយនឹងលោកគ្រូ អ្នកគ្រូផ្ទាល់ឡើងវិញបែបនេះ វាបានធ្វើឲ្យនាងរីករាយក្នុងចិត្តយ៉ាងខ្លាំង៕ សំរិត