ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋបាលរាជធានី គ្រោងនឹងបើកការដ្ឋាន ស្ថាបនាមហាវិថីថ្មី១ខ្សែមានទទឹង៣០ម៉ែត្រ និងបណ្តោយជាង៥គីឡូម៉ែត្រចាប់ពីផ្លូវ ១០០៣ រហូតដល់មហាវិថី ឈ្នះឈ្នះ

ភ្នំពេញ៖ ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅក្នុងតំបន់នៃខណ្ឌសែនសុខ ខណ្ឌឫស្សីកែវនិងខណ្ឌព្រែកព្នៅ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបើកការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែដែលមាន ទទឹង៣០ម៉ែត្រ និងបណ្តោយផ្លូវជាង ៥គីឡូម៉ែត្រដោយចាប់ពីផ្លូវលេខ១០០៣ ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉លសែនសុខ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅខណ្ឌព្រែកព្នៅ ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បាន បញ្ជាក់ឲ្យដឹងនៅថ្ងៃទី ៤ខែកញ្ញាឆ្នាំ២០២០នេះថា ៖ រដ្ឋបាលរាជធានីភ្នំពេញមានគម្រោង នឹងបើកការដ្ឋានស្ថាបនា មហាវិថីមួយខ្សែ នៅសប្តាហ៍ក្រោយនេះ ក្រោមអធិបតីភាពលោក ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលមហាវិថីនេះមានប្រវែង៥៨៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល ២ម៉ែត្រ ផ្លូវ១២ម៉ែត្រសងខាង ដែលអាចអោយរថយន្តធ្វើចរាចរណ៍ បាន៣គន្លងទៅ ៣គន្លងមក មាន១គន្លងទៅមក សម្រាប់ម៉ូតូ មានចិញ្ចើមផ្លូវសងខាង២ម៉ែត្រសម្រាប់អ្នកថ្មើជើង ជាមួយនឹងការដាក់លូសង្ខាងផ្លូវទំហំ៨តឹកផងដែរ។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា បើមិនមានការប្រែប្រួលទេ នៅដើមសប្តាហ៍ក្រោយនេះ ឯកឧត្ដម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋាន ហើយការដ្ឋាននេះនឹងស្ថាបនារួចរាល់ក្នុងរយៈពេល ៦ខែទៀត។ ក្រោយការស្ថាបនារួចរាល់កំណាត់មហាវិថីនេះនឹងកាត់បន្ថយការកកស្ទះចរាចរនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ៕ សំរិត