ភ្នំពេញ៖ ការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែដែល មានទទឹង៣០ម៉ែត្រ និងបណ្តោយផ្លូវជាង៥គីឡូម៉ែត្រដោយចាប់ពីផ្លូវលេខ១០០៣ ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉លសែនសុខ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌ ឫស្សីកែវបានដំណើរបើកការដ្ឋានហើយ ។
ពិធីបើកការដ្ឋានបានធ្វើឡើង នាព្រឹកថ្ងៃទី០៧ កញ្ញាឆ្នាំ២០២០នេះ នៅលើកបណ្តោយផ្លូវនេះ ក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ដែរ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងថា មហាវិថីថ្មីនេះ រត់ត្រង់ជួរ ភ្ជាប់មកមហាវិថី អង្គរ ឆ្ពោះមករង្វង់មូលកាំកូ ។ ជាប្រភេទផ្លូវភ្លោះ មានប្រវែង ៥៨៦០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ជាផ្លូវបេតុងអារមេរ កម្រាស់ ២០សង់ទីម៉ែត្រ។ ក្នុងនោះ ផ្លូវសងខាង ១២ម៉ែត្រសួនកណ្តាល ២ម៉ែត្រនិងចិញ្ចើមផ្លូវសងខាង ២ម៉ែត្រ ផ្លូវទ្វេរទិស មាន ៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក។ ដាក់បណ្តាញលូសងខាងផ្លូវទំហំ ០.៨ម៉ែត្រ ប្រវែង ១១៧២០ម៉ែត្រ និងដាក់លូឆ្លងកាត់ទទឹងផ្លូវ ចំនួន៨ កន្លែង។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា នៅកណ្តាលសួនច្បារនៃមហាវិថីនេះ ក៏មានតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែកជា២ ដាំដើមជ្រៃដើម្បីជារបាំងពន្លឺចាំងភ្នែក និងលំអ និងដាំស្មៅ ជាមួយនឹងការរៀបការឺឡា និងរៀបខឿនចិញ្ចើមផ្លូវសងខាង និងដាំដើមឈើ តម្លើងភ្លើងស្តុបចរាចរចំនួន ៤កន្លែង លាបគំនូសចរាចរ និងតម្លើងស្លាកសញ្ញាចរាចរ ផងដែរ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនបានធ្វើអោយប្រទេសជាតិ មានសន្តិភាពពេញលេញ មានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិអោយរីកចំរើនយ៉ាងឆាប់រហ័ស ។ជាក់ស្តែងកំណាត់ផ្លូវយើងបានស្ថាបនាឡើងជាផ្លូវថ្មី ដែលមានទទឺងរហូតជាង៥គីឡូម៉ែត្រនិងមានទទឹង៣០ម៉ែត្រ អាចកាត់បន្ថយការកកស្ទះចរាចរនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា កំណាត់ផ្លូវនេះ ស្ថាបនាដោយក្រុមហ៊ុនឯកជន តែស្ថិត ក្រោម ការត្រួតពិនិត្យបច្ចេកទេសពីមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។លោកឃួង ស្រេងក៏បានស្នើសុំអោយប្រជាពលរដ្ឋចូលរួមសហការនិងយោគ យល់ចំពោះផលប៉ះពាល់និងការរំខានពីការដ្ឋាននេះ។
លោក ឃួង ស្រេង ក្នុងឱកាសនោះក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋនិងគណៈគ្រប់គ្រងវត្តអារាម វិហារសាសនាទាំងអស់ បង្កើនការប្រុងប្រយ័ត្ន ចំពោះបញ្ហាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ ដោយត្រូវអនុវត្តនូវរាល់វិធានការទាំងឡាយទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងកំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ បើទោះបី មកដល់ពេលនេះស្ថានភាពបង្ការ និង គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ–១៩ នៅ រាជធានីភ្នំពេញ គ្មានការចម្លងក្នុងសហគមន៍ក៏ដោយ ប៉ុន្តែនៅលើពិភពលោក និងបណ្តាលទីក្រុងនៃ ប្រទេសមួយចំនួន ក្នុងតំបន់អាស៊ានជំងឺនេះនៅតែបន្តរីករាលដាល គួរឲ្យព្រួយបារម្ភបំផុត ៕ សំរិត