មហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤១ បានដំណើរមកដល់ថ្ងៃទី២ ក្នុងថ្ងៃទី៩កញ្ញានេះ ហើយគណៈប្រតិភូសភាកម្ពុជា បានចូលរួមយ៉ាងសកម្ម តាមកិច្ចប្រជុំគណៈកម្មាធិការនានា របស់មហាសន្និបាតដោយបានលើកឡើងនូវបទអន្តាគមន៍ ជាធាតុចូលមានសារៈសំខាន់ ក្នុងការលើកកម្ពស់យន្តការសភា បង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខរបស់ប្រជាពលរដ្ឋ ដូចករណីជំងឺកូវីដ១៩ ដែលកំពុងរាតត្បាត និងការស្តារ សេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិដ៍ធ្ងន់ធ្ងរនេះ។
នៅក្នុងកិច្ចប្រជុំពេញអង្គនៃ មហាសន្និបាតកាលពីថ្ងៃទី៨ ខែកញ្ញម្សិលមិញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងដែលកម្ពុជាបានដាក់ចេញក្នុងទប់ស្កាត់យ៉ាងទាន់ពេលវេលាយ៉ាងសកម្ម និងជោគជ័យក្នុងការឆ្លើយតបទៅនឹងជម្ងឺកូវីដ-១៩។
វប្បធម៌នៃការចែករំលែក មិនរើសអើង និងឯកភាពជាតិតែមួយ ជាកត្តាគន្លឹះ និងសំខាន់ចាំបាច់ក្នុងការដោះស្រាយវិបត្តិ ឬបញ្ហាប្រឈមទំាងឡាយ។
សម្តេចបានលើកឡើងថា សភាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ យន្តការដោះស្រាយបញ្ហាដោយសន្តិវិធី និងការថែរក្សា និង លើកកម្ពស់ សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។
មហាសន្និបាតអាយប៉ាលើកទី ៤១ ដែលរដ្ឋសភា នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាម្ចាស់ផ្ទះ រៀបចំតាមរយៈប្រព័ន្ធវីដេអូ មានរយៈពេល ៣ ថ្ងៃ ពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ ខែកញ្ញា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងអញ្ជើញចូលរួមជាអធិបតីដឹកនាំគណៈប្រតិភូសភាកម្ពុជាក្នុងពិធីបិទមហាសន្និបាតនេះ តាមប្រព័ន្ធវីដេអូនាថ្ងៃទី១០ ខែកញ្ញា ស្អែកនោះ ផងដែរ៕