ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តកំពង់ចាម បើកការដ្ឋានផ្លូវ និងសួនច្បារ នៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់

កំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធផ្លូវ និងសួនច្បារ នៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ក្រោមជំនួយរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត ស្ទេវិន ល្វីស (Steven Lewis) អ្នកប្រឹក្សាវេជ្ជសាស្ត្រ នៃសមាគមសាសនាចក្រ និងលោក សៀ សំណាង ប្រធានសមាគមសាសនាចក្រ ប្រចាំនៅកម្ពុជា  និងលោក លោកស្រីជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋច្រើនទៀត។

ក្នុងសុន្ទរកថាស្វាគមន៍ លោកវេជ្ជបណ្ឌិត គីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានជួយដល់វិស័យសុខាភិបាល នៅក្នុងខេត្តកំពង់ចាម ជាពិសេស ដល់មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ក្នុងពេលនេះ។

លោកវេជ្ជបណ្ឌិត ក៏បានលើកឡើងដែរថា ក្នុងដំណាក់កាលនៃការឆ្លងរាលដាល នៃជំងឺកូវីដ១៩ សមាគមខាងលើ ក៏បានជួយឧបត្ថម្ភជាសម្ភារៈ និងថវិកាជាច្រើនដល់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវមួយនេះ ផងដែរ។ ក្នុងនាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាល សូមជូនពរដល់តំណាងអង្គការ និងសហការី សូមប្រកបតែសេចក្ដីសុខចម្រើនជានិន្តរ៍តរៀងទៅ។

លោកវេជ្ជបណ្ឌិត ស្ទេវិន ល្វីស អ្នកប្រឹក្សាវេជ្ជសាស្ត្រ នៃសមាគមសាសនាចក្រ និងលោក សៀ សំណាង ប្រធានសមាគមសាសនាចក្រ ប្រចាំនៅកម្ពុជា បានឲ្យដឹងថា សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិស័ទថ្ងៃចុងក្រោយ បានជួយអភិវឌ្ឍនៅលើទឹកដីខេត្តកំពង់ចាម តាំងពីឆ្នាំ២០០៩មកម៉្លេះ ដោយបានចំណាយបថវិកា ជួយលើវិស័យមនុស្សធម៌ វិស័យអប់រំ និងវិស័យសុខាភិបាល អស់ទឹកប្រាក់ចំនួនប្រមាណ ១.២៨៤.៥៨០ដុល្លារអាមេរិក។ យ៉ាងណាម៉ិញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ សមាគមសាសនាចក្រ បាននឹងកំពុងចំណាយថវិការាប់សិបម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ លើវិស័យទាំងនោះ នៅលើទឹកដីខេត្តកំពង់ចាម ដែលជាចំណែកមួយ នៃក្របខ័ណ្ឌសកម្មភាពទូទាំងប្រទេស។ 

ថ្លែងនាឱកាសនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងកោតសរសើរចំពោះសមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិស័ទថ្ងៃចុងក្រោយ ដែលបានជួយដល់ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម ជាពិសេស ការជួយដល់ប្រជាពលរដ្ឋ នូវសំណង់ ដែលបម្រើដល់វិស័យសុខាភិបាល នៅក្នុងស្រុកស្ទឹងត្រង់ ស្របពេលរាជរដ្ឋាភិបាល បានអភិវឌ្ឍ ដោយផ្សាភ្ជាប់ស្ពានស្ទឹងត្រង់ ក្រូចឆ្មារ ដែលជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់បំផុត ក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋក្នុងតំបន់ផង និងការផ្សាភ្ជាប់នូវប៉ូលសេដ្ឋកិច្ច រវាងស្រុកស្ទឹងត្រង់ ទៅក្នុងតំបន់ភូមិភាគឥសាន្ត ផងដែរ។

លោកអភិបាលខេត្ត បានលើកឡើងទៀតថា «តាមរយៈនេះ យើងត្រូវជម្រុញការសាង និងការលើកកម្ពស់សោភ័ណ្ឌភាព ជាពិសេស មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់តែម្ដង ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅ ដោយមិនមានភាពភ័យខ្លាច ពីជំងឺដង្កាត់ផ្សេងៗ ស្របទៅនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក៏ដូចជាគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋផងដែរ។ ដូច្នេះ យើងទាំងអស់គ្នា មិនអាចនៅស្ងៀមបានទេ គឺត្រូវតែរួមគ្នាធ្វើការអភិវឌ្ឍ និងការបង្កើតនូវអ្វី ដែលជាសមិទ្ធផលជាសម្បទានៃការលើកកម្ពស់សុខមាលភាពសង្គម»។

យ៉ាងណាម៉ិញ សមិទ្ធផលថ្ងៃនេះ ត្រូវចំណាយថវិកា ប្រមាណជាង១៨ម៉ឺនដុល្លារអាមេរិក គឺជាសមិទ្ធផល កកើតឡើង ដោយសារការខិតខំប្រឹងប្រែងរួមគ្នា ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជម្រុញធ្វើឲ្យកន្លែង ផ្ដល់សេវាសុខាភិបាលមួយនេះ មានបរិយាកាសល្អ មានអនាម័យ និងផ្ដល់នូវទំនុកចិត្តខ្ពស់លើគុណភាពនៃការផ្ដល់សេវារបស់ក្រុមគ្រូពេទ្យ ទៅដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅតំបន់ផងដែរ។

គួរបញ្ជាក់ថា គម្រោងប្រព័ន្ធផ្លូវ និងសួនច្បារ នៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ត្រូវចំណាយទឹកប្រាក់ប្រមាណជាង១៨ម៉ឺនដុល្លារអាមេរិក ក្រោមជំនួយរបស់សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលត្រូវបានប្រារព្ធបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នេះ៕