ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក លឹម គានហោ ដឹកនាំក្រុមការងារបច្ចេកទេសពិនិត្យស្ថានភាពទឹក នៅទំនប់អាងទឹក៧មករា

កណ្តាល៖ រសៀលថ្ងៃចន្ទ ៣រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ទៅពិនិត្យស្ថានភាពទឹក នៅទំនប់អាងទឹក៧មករា និងតាមសណ្តរស្ទឹង ដែលអាចប្រឈមដោយការយាយីពីជំនន់ស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។ 

សូមបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកនៅទ្វារទឹកទំនប់ ៧ មករា នាវេលាម៉ោង៥លល្ងាចនេះ ទឹកមានកម្ពស់៧,៤ ម៉ែត្រ បើធៀបនឹងកម្ពស់ទឹកព្រឹកមិញ គឺបានហក់ឡើង០,៣ម៉ែត្រ លើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននៅកម្រិត៧,០០ម៉ែត្រ ហើយពេលនេះក្រុមការងារបានបើកទ្វារទឹកទាំងបួន ដើម្បីរំដោះទឹកជន់ចេញតាមផ្លូវទឹកចំនួនពីរ គឺផ្លូវនាំទឹកទី១ តាមព្រែកកំពឹស (ប្រឡាយតាហោ) និងព្រែកហូរ ទម្លាក់ទឹកហូរទៅបឹងជើងលោង និងផ្លូវនាំទឹកទី២ តាមរយ:ព្រែកជ្រៅ បង្ហូរទឹកទម្លាក់ចូលទៅទន្លេបាសាក់។

មកដល់បច្ចុប្បន្ននេះ ស្ថានភាពទឹក ស្ថិតនៅក្នុងការប្រុងប្រយ័ត្ននៅឡើយទេ ចំណែកក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន១៤ គ្រឿង, បាវខ្សាច់ធំចំនួន១.០០០បាវ, បាវខ្សាច់តូចចំនួន២០.០០០បាវ, សំណាញ់ថ្ម និងកម្លាំងក្រុមការងារប្រចាំការ២៤ម៉ោង ឲ្យនៅបន្តត្រៀមអន្តរាគមន៍នៅតាមទំនប់សណ្តរស្ទឹង ដើម្បីការពារហានិភ័យជំនន់ទឹកភ្លៀង ដែលអាចបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តប្រឈម៕