ភ្នំពេញ៖ អគារទីចាត់ការសាលាបឋមសិក្សាសន្ធរម៉ុក ដែលជាអំណោយរបស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីជា ស៊ីណា ឃួងស្រេង សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី ០៦ ខែតុលាឆ្នាំ២០២០ ក្រោមអធិបតីភាព លោកឃួងស្រេង អភិបាលរាជធានីភ្នំពេញ ។
នាយកសាលាបឋមសិក្សាសន្ធរម៉ុកបានឲ្យដឹងថា ដោយមើលឃើញអគារទីចាត់ការចាស់មួយខ្នង៤បន្ទប់ ដែលសាងសង់ដោយសហគមន៍នៅឆ្នាំ១៩៨៥ មានសភាពចាស់ ទ្រុឌទ្រោមនិងតាមការស្នើសុំរបស់លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាសន្ធរ ម៉ុក លោក ឃួង ស្រេងអភិបាលរាជធានីលោកស្រី ដែលជាអតីតសិស្សសាលាសន្ធរម៉ុក ក្នុងទសវត្សរ៍ទី៨០ និង៩០ ក៏បានផ្តល់ទីចាត់ការមួយខ្នងដ៏ស្រស់ស្អាត ប្រកប ដោយគុណភាពនិងផាសុខភាព ដែលមានបណ្ដោយ ២០ ម៉ែត្រទទឹង១២ ម៉ែត្រ ដោយចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី ០១ កុម្ភៈឆ្នាំ ២០២០ និងបានបញ្ចប់នៅថ្ងៃទី៣០ខែកក្កដាឆ្នាំ ២០២០ ព្រមទាំងមានបង្គន់អនាម័យចំនួនពីរ បំពាក់អំពូលភ្លើងកង្ហា ចាក់បេតុងជុំវិញអាគារ ដាក់ប្រព័ន្ធលូបង្ហូរទឹកទៅកាន់លូធំនិងកៅអីអង្គុយ៤នាក់ចំនួន ១០ គ្រឿងនិងកៅអីអង្គុយបីនាក់ចំនួន៧គ្រឿង។
លោកឃួង ស្រេង បានមានប្រសាសន៍ថា វិស័យអប់រំ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ក្រោយឆ្នាំ១៩៧៩ ក្រោយពីបើកបវេសនកាល ពេលនោះសិស្សនិងលោកគ្រូបានទទួលរបបអង្ករនិងពោត ។
លោកបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញកន្លងមកតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំនេះ ដោយបានឧបត្ថម្ភគាំទ្រជាមួយនឹងការកសាងសាលារៀនជាច្រើនបន្តបន្ទាប់ផងដែរ៕