ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ បានផ្តន្ទាទោសលោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងគុនមិញ ប្រទេសចិន ដោយដាក់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ពីបទប្រព្រឹត្តអំពើពុករលួយ ក្នុងពេលលោកកាន់តំណែង។
សាលក្រមផ្តន្ទាទោសអតីតមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរូបនេះ គឺធ្វើឡើងដោយលោក លិ សុខា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ ដោយរកឃើញថា លោក គ្រុយ លឹមហេង អាយុ៤៥ឆ្នាំ ពិតជាបានប្រព្រឹត្តអំពើពុករលួយ តាមរយៈការបោះត្រាយកលុយដោយខុសច្បាប់ពីអ្នកសុំធ្វើលិខិតឆ្លងដែន និងសុំទិដ្ឋាការ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។
អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនលោក គ្រុយ លឹមហេង នៅចុងឆ្នាំ២០១៩ បន្ទាប់ពីបានស្រាវជ្រាវ និងស៊ើបអង្កេតរកឃើញថា បុគ្គលរូបនេះបានប្រព្រឹត្តអំពើពុករលួយ ហើយត្រូវតុលាការក្រុងភ្នំពេញ ចេញឃុំដីកាបង្គាប់ឲ្យឃុំខ្លួនក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមបទចោទប្រកាន់ចំនួន៤ រួមមាន៖ បទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, បទរំលោភអំណាច, បទវីតិក្រម, បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលគិតចាប់ពីឆ្នាំ២០១៥ ដល់២០១៩។
កន្លងមក លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា លោក គ្រុយ លឹមហេង បានប្រើអំណាចដកយកលុយរបស់អគ្គកុងស៊ុលកម្ពុជា ពីធនាគារចិនមួយ តាមរយៈការប្រើប្រាស់ត្រាអគ្គកុងស៊ុលដោយខុសច្បាប់ បន្ទាប់ពីមន្ត្រីរូបនេះ ត្រូវបានដកចេញពីតំណែង កាលពីឆ្នាំ២០១៨៕