ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាអ្នកប្រតិបត្តិការលើសមរភូមិគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានបន្តបេសកកម្មចុះទៅតាមបណ្តាខេត្តភាគពាយព្យ ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ។
ក្នុងដំណើរចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម នឹងចុះទៅកាន់ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង ។ ដោយសារឥទ្ធិពលសម្ពាធទាប និងព្យុះ បានធ្វើឱ្យខេត្តជាច្រើនរបស់កម្ពុជារងការជន់លិច។ គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ខេត្តចំនួន១៧ បានរងការជន់លិចដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គផងដែរ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៣ម៉ឺនគ្រួសារ ប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ផ្ទះប្រជាពលរដ្ឋជាង ៣ម៉ឺនខ្នងរងការជន់លិច និងខូចខាត ៣០ខ្នង។
ទឹកជំនន់នេះ ធ្វើឱ្យលិចផលដំណាំប្រជាពលរដ្ឋជាង ១២ម៉ឺនហិកតា។ ក្នុងនោះស្រូវជិត ៨ម៉ឺនហិកតា និងដំណាំផ្សេងៗជាង ៤ម៉ឺនហិកតា។
លោកទេសរដ្ឋមន្ត្រី បានសម្តែងការសោកស្តាយជាមួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះ។ លោកបានអំពាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បី ហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗ បណ្តាលមកពីទឹកជំនន់នេះ។
ទន្ទឹមនេះលោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាសម្តេចតេជោ អគ្គមេបញ្ជាការកំពូលលើសមរភូមិគ្រប់គ្រងគ្រោះមហន្តរាយនេះ ចេញជួយពលរដ្ឋឱ្យបានទាន់ពេលវេលា និងដោយស្មារតីយកចិត្តទុកដាក់ខ្ពស់។
ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយលោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់សម្បុរសជនមានលទ្ធភាពជួយផ្តល់ស្បៀង និងសម្ភារៈប្រើប្រាស់ផ្សេងៗដើម្បីដោះស្រាយការលំបាករបស់ពលរដ្ឋដែលរងគ្រោះ៕