ភ្នំពេញ៖ ជនរងគ្រោះពីរនាក់ បានប្តឹងទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមហ៊ុន ឈឹម សុវណ្ណឧហ្សា រៀល អ៊ីស្ទេត ឯ.ក ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្ត (លក់ដីខ្យល់) កាលពីអំឡុងខែមេសា ឆ្នាំ២០១៩ ។
តាមពាក្យបណ្តឹងចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ របស់ជនរងគ្រោះឈ្មោះ អ៊ឹម ភារ័ត្ន អាយុ៣១ឆ្នាំ និងឈ្មោះមៀច សេរី អាយុ៥៥ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់-ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ឈ្មោះ ឈឹម វាសនា ជាម្ចាស់ក្រុមហ៊ុន ឈឹម សុវណ្ណឧហ្សា រៀល អ៊ីស្ទេតឯ.ក បានលក់ដីឡូត៍ មកឲ្យឈ្មោះ អ៊ឹម ភារ័ត្ន ចំនួនបីប្លង់ ក្នុងតម្លៃសរុបចំនួន១១០០០ ដុល្លារអាមេរិក និងឈ្មោះ មៀច សេរី ចំនួនបីប្លង់ នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៩ ក្នុងតម្លៃសរុប៩០០០ដុល្លារអាមេរិក។
ទីតាំងដីទាំងប្រាំមួយប្លង់នេះ ស្ថិតនៅភូមិតាឡត ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលឈ្មោះ ឈឹម វាសនា បានសន្យាថា ក្រោយរយៈពេលបួនខែបន្ទាប់ពីបង់ប្រាក់គ្រប់ចំនួន ឬបង់ប្រាក់ផ្តាច់នឹងប្រគល់ប្លង់រឹងឲ្យតែម្តង់។
ពាក្យបណ្តឹងដដែលបានបញ្ជាក់ថា ក្នុងរយៈពេលបួនខែ បន្ទាប់ពីប្រគល់ទឹកប្រាក់គ្រប់ចំនួនឲ្យឈ្មោះ ឈឹម វាសនា ដែលជាម្ចាស់ក្រុមហ៊ុន គឺមិនបានរត់ការធ្វើប្លង់រឹងឡើយ ហើយបានគេចវេស និងសន្យាថា និងរៀបចំឯកសារ ធ្វើប្លង់រឹងជិតរួចរាល់ហើយ និងបានឲ្យជនរងគ្រោះទាំងពីរនាក់ធ្វើកិច្ចសន្យានៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ ដើម្បីពន្យាពេល ដោយសន្យាបានប្លង់រឹងក្នុងរយះពេល១៤៥ថ្ង ។
រហូតមកដល់ពេលនេះ ហួសរយៈពេល១៤៥ថ្ងៃហើយ ឈ្មោះ ឈឹម វាសនា មិនបានប្រគល់ប្លង់រឹងឲ្យតាមការសន្យានោះឡើយ ហើយមិនបានប្រគល់ទឹកប្រាក់សរុបចំនួន២១០០០ដុល្លារអាមេរិក មកឲ្យជនរងគ្រោះទាំងពីនាក់ឡើយ។
ជនរងគ្រោះទាំងពីរនាក់ បានទារសំណងជំងឺចិត្តចំនួន៥០០០ដុល្លារ និងទាមទារប្រាក់ត្រឡប់មកវិញចំនួន២១០០០ដុល្លារអាមេរិក ពីឈ្មោះ ឈឹម វាសនា ប្រធានក្រុមហ៊ុន ឈឹម សុវណ្ណឧហ្សា រៀល អ៊ីស្ទេត ឯ.ក ដែលមានអាសយដ្ឋានផ្ទះលេខអា៥៣ ផ្លូវលេខ៤ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សារព័ត៍មាន ដេលី ខ្មែរ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ មិនអាចសុំការបំភ្លឺពីលោក ឈឹម វាសនា ពីការចោទប្រកាន់នេះបានឡើយ៕