សកម្មភាពបន្តប្រមូលទិញស្រូវពីកសិករ នៅរោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ខេត្តបាត់ដំបង ដោយហេតុថា ទឹកជំនន់នៅតែមិនទាន់បានស្រកនិងថមថយ ការបន្តចូលរួមជួយទិញស្រូវពីកសិកររបស់រោងម៉ាស៊ីនកិនស្រូវនៅតែជាការចាំបាច់។
ជាក់ស្តែងនៅថ្ងៃនេះព្រហស្បតិ៍នេះដែរស្រូវសើមប្រភេទពូជសែនក្រអូបប្រមាណជា៤០គោយន្តបន្ថែមទៀត ដែលស្មើនឹងប្រហែល៤០តោន ត្រូវបានរោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍នៅខេត្តបាត់ដំបង ជួយប្រមូលទិញ ក្នុងតម្លៃចន្លោះពី៩០០រៀល ទៅ១១៣០រៀល ដូចកាលពីថ្ងៃដំបូងដែលរោងម៉ាស៊ីនបានទិញពីកសិករដែរ។
សូមបញ្ជាក់ផងដែរថា បន្ថែមពីការទិញពីកសិករ រោងម៉ាស៊ីនក៏បានជួយទិញស្រូវពីសហគមន៍ និងពីឈ្មួញផ្សេងៗផងដែរ ដែលគិតជាបរិមាណសរុបទាំងអស់ ប្រហែលជា១៥០តោនក្នុងមួយថ្ងៃ។
ស្ថិតក្នុងស្ថានភាពបន្ទាន់បែបនេះ អ្វីដែលរោងម៉ាស៊ីនអាចជួយបាន គឺទៅតាមលទ្ធភាព គុណភាពជាក់ស្តែង និងតម្លៃសមរម្យ ទោះបីជាការទិញនេះអាចប្រឈមមុខនឹងការខាតបង់ក៏ដោយ។
ការបញ្ជាក់របស់ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាថ្លែងថា ការប្រមូលទិញស្រូវពីកសិករនៅក្នុងកាលៈទេសៈនេះ រោងម៉ាស៊ីនភាគច្រើនគឺមិនចំណេញទេ ដោយមើលតាមតម្លៃទីផ្សារអន្តរជាតិបច្ចុប្បន្ន ទីផ្សារអង្ករមានការធ្លាក់ចុះខ្លាំង តែយើងនៅតែចូលរួមជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យមួយដដែល។
លោកឧកញ៉ាក៏បានកោតសរសើរដល់រោងម៉ាស៊ីន និងក្រុមហ៊ុនជាច្រើន ដែលបន្តទិញស្រូវពីបងប្អូនប្រជាកសិករក្នុងកាលៈទេសៈដ៏លំបាកមួយនេះ។
រោងម៉ាស៊ីនអេមរុរ៉ាយស៍នឹងបន្តចូលរួមជួយទិញស្រូវរបស់កសិករ ទៅតាមលទ្ធភាព និងគុណភាព និងក្នុងតម្លៃសមរម្យ។ បងប្អូនប្រជាកសិករ ដែលមានទីតាំងនៅជិតរោងម៉ាស៊ីន អាចទំនាក់ទំនងមករោងម៉ាស៊ីនបាន តាមរយៈលេខទូរស័ព្ទរបស់លោក ឃី ឆៃវ៉ាត់ ប្រធានគ្រប់គ្រងទូទៅនៃរោងម៉ាស៊ីនអេមរុរ៉ាយស៍ ខេត្តបាត់ដំបង 077 92 93 93 ។