ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មថាប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX ) ជួយពន្លឿនការនាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុប

លោក ពេជ ឬទ្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ពន្ធចុះបញ្ជីសម្រាប់នាំចេញ (Registered Exporter-REX System) នឹងជួយពន្លឿនការនាំចេញអង្ករកម្ពុជា ទៅកាន់សហភាពអឺរ៉ុប (EU) ដោយសារប្រព័ន្ធនេះ មិនតម្រូវឱ្យមានការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ឬឯកសារពាក់ព័ន្ធច្រើន ដែលអាចជួយសន្សំពេលវេលា និងថវិកាសម្រាប់វិស័យឯកជន ។

លោកបានថ្លែងថា ក្រៅពីជួយសម្រួលធុរកិច្ចវិស័យឯកជន REX System នឹងរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជាថែមទៀត។

លោកបានអះអាងថា «REX System ត្រូវបានដាក់ឱ្យអនុវត្តន៍ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩! បច្ចុប្បន្នតាមរយៈប្រព័ន្ធនេះ បានធ្វើឱ្យក្រុមហ៊ុននាំអង្ករកម្ពុជាចេញទៅសហភាពអឺរ៉ុប កាន់តែមានភាពងាយស្រួល និងចំណាយថវិកាកាន់តែតិច ក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប» ។

មន្ត្រីក្រសួងពាណិជ្ជកម្ម  ក៏បានអំពាវនាវដល់សិក្ខាកាម ខិតខំស្តាប់ការពន្យល់របស់ជំនាញការជាតិ និងអន្តរជាតិ ទាក់ទងនីតិវិធីចុះឈ្មោះជាមួយ REX System និងការអនុវត្តលេខកូដ ១០ខ្ទង់ សម្រាប់អង្ករនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ឱ្យបានត្រឹមត្រូវ។ ឯកឧត្តម​ ក៏បានសំណូមពរផលិតករ និងពាណិជ្ជករទាំងអស់ ចូលរួមអនុវត្តន៍ REX System ឱ្យបានគ្រប់ៗគ្នា​ ដើម្បីទទួលបានអត្ថប្រយោជន៍ដោយសមធម៌។

សូមបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម សហការជាមួយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) ដើម្បីផ្សព្វផ្សាយដល់ផលិតករ ពាណិជ្ជករ និងក្រុមហ៊ុននាំចេញអង្ករទៅសហភាពអឺរ៉ុប អំពីនីតិវិធីចុះបញ្ជីអ្នកនាំចេញ (REX System) និងអត្ថប្រយោជន៍របស់វា ព្រមទាំងការអនុវត្តលេខកូដចំនួន ១០ខ្ទង់ នៃទំនិញអង្ករសម្រាប់នាំចេញទៅទីផ្សារ EU នាពេលខាងមុខ។