ភ្នំពេញ៖ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែកុម្ភៈនេះជួបពិភាក្សាជាមួយលោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ស្តីពី “ពលករជំនាញ”។លោក អ៊ិត សំហេង បានមានប្រសាសន៍ថា ប្រទេសជប៉ុនបានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការកែសម្រួលច្បាប់ថ្មីរបស់ជប៉ុន ដែលអនុញ្ញាតិឲ្យពលករអាចដាក់ពាក្យទទួលបានទិដ្ឋាកាការងារ (Working Visa) ដែលពីមុនពលករកម្ពុជាទទួលបានត្រឹមតែជាកម្មសិក្សាការីប៉ុណ្ណោះ។
សម្រាប់ប្រព័ន្ធច្បាប់ថ្មីនេះ និងផ្តល់ឱកាសដល់ពលករកម្រិតជំនាញ និងកម្រិតបច្ចេកទេស អាចចូលទៅបំពេញតម្រូវការកង្វះខាតកម្លាំងពលកម្មទៅប្រទេសជប៉ុនបន្ថែមទៀត។
ក្រសួងការងារបានប្រកាសថា លោក អ៊ិត សំហេង នឹងដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីចុះកិច្ចព្រមព្រៀងអនុវត្តន៍ប្រព័ន្ធថ្មីនេះ នៅទីក្រុងតូក្យួ នាសប្ដាហ៍ទី៣ ខែមីនាខាងមុខ។
តាមការគ្រោងទុកប្រទេសជប៉ុននឹងដាក់ឲ្យដំណើការនៅប្រព័ន្ធថ្មីក្នុងការទទួលយកពលករពីប្រទេសនានា ទៅធ្វើការនៅជប៉ុន នាខែមេសា ឆ្នាំ២០១៩នេះ។
គួរបញ្ជាក់ថា បច្ចុប្បន្ន កម្មសិក្សាការីកម្ពុជាទៅហាត់ការនៅប្រទេសជប៉ុន មានប្រមាណជាង ៩ពាន់នាក់ និងមានប្រាក់ឈ្នួលជាមធ្យម ១៥០០ដុល្លារក្នុងមួយខែ៕