ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនអង្គរផ្លាយវូត សង្ស័យ​កំពុងលួចដឹកឈេីធ្នង់ខុសច្បាប់ចូលទៅក្នុងក្រុមហ៊ុន សៀ ម៉ុន​ ដើម្បីបន្លំជាឈើស្របច្បាប់ 

ស្ទឹងត្រែង៖ នាពេលថ្មីៗនេះលោក​ ជា​ ពៅ​ ដែលរកសុីកាប់ឈេីជ្រកក្រោមស្លាកក្រុមហ៊ុនអង្គរផ្លាយវូត​  របស់លោកឧកញ៉ា ទ្រី ភាព​ ត្រូវប្រភពច្បាស់ការណ៍ រាយការណ៍មកថា កំពុងតែប្រមូលទិញឈេីធ្នង់ពីប្រជាពលរដ្ឋ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ​រាប់សិបតោន​ ហេីយបានដឹកចូលក្រុមហ៊ុន សៀ ម៉ុន​  ដេីម្បីលួចបង្កប់ដឹកចេញជាមួយឈេីមានច្បាប់​។

ចំណែកប្រភពផ្សេងទៀតបានឲ្យដឹងទៀតថា​ ពេលដឹកឈេីធ្នង់ចូលម្តងៗសន្តិសុខនៅទីនោះ​ ត្រូវបានលោក ជា​ ពៅ​ បញ្ជាឲ្យមានការយាមកាមយ៉ាងតឹងរឹងបំផុត​ ជាពិសេសកម្មករដែលមានទូរសព្ទក៏ត្រូវដកទុកសិនដែរ​  ដេីម្បីការពារខ្លាចថតរូបភាព​ ស្តីពីសកម្មភាពដឹកឈេីខុសច្បាប់នៅក្នុងក្រុមហ៊ុន សៀ ម៉ុន បែកធ្លាយចេញមកដល់សារព័ត៌មាន។ 

ប្រភពខាងលើនេះ បានបញ្ជាក់ថា​ ឈេីប្រណីតប្រភេទធ្នង់ទាំងនេះ ត្រូវបានគេដឹកតាមរថយន្តសាំយ៉ុង​  ចូលមកក្រមហ៊ុន​ ក្នុងចន្លោះម៉ោង១២រំលងអាធ្រាតដល់ម៉ោង៤ជិតភ្លឺ ហេីយឈេីធ្នង់ខាងលេីនេះផងដែរ​ ក៏ត្រូវបានគេប្រមូលទិញពីតំបន់ព្រំដែនខ្មែរឡាវ​ និងពីឧទ្យានជាតិវីរជ័យនៃស្រុកសៀមប៉ាង​  ដែលជាឈេីមិនមែនស្ថិតក្នុងដីរបស់ក្រុមហ៊ុនឡើយ។  

ទាក់ទិនទៅនិងករណីខាងលេី​ លោក ទុំ​ នីរ៉ូ​ ប្រធានស្តីទីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានឲ្យដឹងថា​ ដោយសារតែរូបលោកទេីបតែបានចូលកាន់តំណែងជាប្រធានស្តីទីថ្មីៗ​  ពុំទាន់ក្តាប់ព័ត៌មានជុំចំពោះក្រុមហ៊ុនខាងលេី​  តែលោកបានកំពុងប្រមូលព័ត៌មានពីគ្រប់ភាគីពាក់ពន្ធទាំងអស់ជាមុនសិន​  ហេីយនឹងនៅពេលខាងមុខ លោកនឹងស្នេីសុំគោលការណ៍ពីថ្នាក់ដឹកនាំ​ ដេីម្បីចុះទៅពិនិត្យក្រុមហ៊ុននេះ។ 

សូមបញ្ជាក់ថា​ កន្លងមកថ្មីៗនេះ ក្រុមហ៊ុនអង្គរផ្លាយវូត​ បានចុះកិច្ចព្រមព្រាងជាមួយក្រុមហ៊ុន សៀ ម៉ុន​  ដោយភាគីខាងក្រុមហ៊ុន សៀ ម៉ុន បានយល់ព្រមលក់ឈេីនៅឈរ​ (ឬដេីមឈេីរស់) ប្រភេទលេខ១​ លេខ២​ និងលេខ៣​ ឲ្យទៅខាងក្រុមហ៊ុនអង្គរផ្លាយវូត​  ដោយសារតែក្រុមហ៊ុន សៀ ម៉ុន ពុំមានលុយ​ ដេីម្បីធ្វេីបន្តទៅមុខទៀត។

សូមបញ្ជាក់បន្ថែមថា​ ក្រុមហ៊ុន សៀ ម៉ុន បច្ចុប្បន្ននេះ​ មានទីតាំងនៅចំណុចស្រែរមាំង​ ក្នុងភូមិណាអូង​ ឃុំបូរីអូរស្វាយ​ ស្រុកបូរីអូរស្វាយសែនជ័យ​  ខេត្តស្ទឹងត្រែង​។ ក្រុមហ៊ុន សៀ ម៉ុន ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតកាប់ឈើនៅឆ្នាំ២០១៧​ លើផ្ទៃដីចំនួន២៩,៦៦១ហិកតា​ ក្នុងគោលបំណងឲ្យក្រុមហ៊ុនដាំដុះឈេីឡេីងវិញ​ និងជួយថែរក្សាធនធានធម្មជាតិនៅតំបន់នេះ។ 

ប៉ុន្តែអស់រយៈពេលជាច្រេីនឆ្នាំកន្លងមកនេះ​ ក្រុមហ៊ុន សៀ ម៉ុន ពុំបានអនុវត្តតាមផែនការមេនោះទេ​ គឺបានត្រឹមតែកាប់ឈេីលក់​ និងបានឈួសឆាយព្រៃអស់ជាច្រេីនពាន់ហិកតា​  ហេីយពុំបានស្តារ និងដាំដុះឈេីឡេីងវិញតាមកិច្ចសន្យា​  បែរជាទៅដាំក្រូចវល្លិ​ និងដាំឪឡឹកទៅវិញ។ ចំណែកនៅក្នុងសៀវភៅផែនការ​មេ​ បានសរសេរបញ្ជាក់យ៉ាងច្បាស់ថា​ ក្រុមហ៊ុន សៀ ម៉ុន ត្រូវដាំដេីមប្រេងខ្យល់​  ដេីមអាកាស្យា​ ដេីមធ្នង់​ ដេីមប៉េង​ ជាដេីម​ មិនមែនដាំឪឡឹក​ និងក្រូចវល្លិនោះឡេីយ។

ពាក់ព័ន្ធព័ត៌មានខាងលើ​នេះ មន្ត្រីក្រុមហ៊ុន សៀ ម៉ុន នៅក្នុងខេត្តក្នុងខេត្តស្ទឹងត្រែង មិនអាចសុំការបកស្រាយបំភ្លឺបានឡើយ៕