ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព្រះរាជអាជ្ញាបញ្ជាកម្លាំងសមត្ថកិច្ចឃាត់គ្រឿងចក្រ៥គ្រឿងរបស់ក្រុមហ៊ុនគ្រួសារសុខសាន្តឈូសឆាយដីគំរបព្រៃឈើជិត៤០ហិចតា

ខេត្តកំពង់ធំ៖ លោក សាយ វាសនា ព្រះរាជអាជ្ញារង តំណាង លោក​​ ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក ឃុន ប៊ុនហូ មេបញ្ជាការងកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយ មសត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើស្ទោង រួមជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកស្ទោង ចុះបង្រ្កាបគ្រឿងចក្រចំនួន៥គ្រឿង របស់ក្រុមហ៊ុនគ្រួសារសុខសាន្ត ដែលកំពុងតែធ្វើសកម្មភាព ឈូសឆាយដីគម្របព្រៃឈើឆ្នាំ២០០២ ដែលជាដីព្រៃអភិរក្សរក្សាទុករបស់រដ្ឋ ត្រូវបានក្រុមហ៊ុនប្រើល្បិចកន្ទេលធំបន្លំដេក បន្លំលួចឈូសដីហាមឃាត់របស់រដ្ឋយ​កមកធ្វើជាកម្មសិទ្ធ។


សកម្មភាពបង្រ្កាបគ្រឿងចក្រ ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ព្រៃបម្រុងរក្សាទុករដ្ឋ ត្រូវបានគ្រឿងចក្រចំនួន៥គ្រឿង ក្នុងនោះមានអ៊ិចស្កាវទ័រ២គ្រឿង អាប៊ុល២គ្រឿង និងត្រាក់ទ័រមួយគ្រឿង ធ្វើសកម្មភាព​ឈូសឆាយដីរបស់រដ្ឋ ត្រូវបានកម្លាំងចម្រុះឃាត់បាន និងនាំយកមករក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើស្ទោង ដើម្បីរក្សាទុក។
មហាជនអបអរសាទរ ចំពោះចំណាត់ការផ្លូវច្បាប់ របស់លោក​ ព្រះរាជអាជ្ញាធរ ដែលបានការពារទប់ស្កាត់ ការរំលោភបំពាន រុករាន្ទដីព្រៃរបស់រដ្ឋ ដែលជាសកម្មភាពអត់ចេះអៀនខ្មាស់ របស់ក្រុមហ៊ុនគ្រួសារសុខសាន្ត បន្លំឈូសព្រៃអភិរក្ស លើសពីការស្នើរសុំវិនិយោគ ដែលត្រូវបានប្រភពទម្លាយថា ក្រុមហ៊ុនសុំច្បាប់វិនិយោគត្រឹមតែ ៧០ហិចតា ក្នុងនោះមានដីព្រៃជាប់គម្រប៤០ហិចតា ដីមិនជាប់គម្រប៣០ហិចតា តែជាក់ស្តែងក្រុមហ៊ុនបាន ឈូសឆាយដីព្រៃរបស់រដ្ឋដល់ទៅ ជាង២០០ហិចតាឯណោះ។
លោកស្រី គឹមឡេង ( ហៅចែអូន ) ភេទស្រី រស់នៅស្រុកស្ទោង ដែលជាឈ្មួញដីបានឲ្យដឹងតាម ប្រព័ន្ឋតេឡេក្រាមថា ប្រវត្តិដីនេះ លោកស្រីបានទិញក្នុងឆ្នាំ ២០០៧ ហើយមកដល់បច្ចុប្បន្នបានលក់បន្តឲ្យទៅក្រុមហ៊ុនគ្រួសារសុខសាន្ត តែមិនដឹងថា ក្រុមហ៊ុនរត់ការ​សុំឈូ​សឆាយដល់ត្រឹមណានោះទេ លោកស្រីក៏មិនដឹងដែរ។
ចម្ងល់មហាជនបានចោទសួរថា តើលោកស្រីទិញដីព្រៃនេះមកពីអ្នកណា បើជាដីគម្របព្រៃឈើឆ្នាំ២០០២ ដែលបានប្រកាសដោយ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ហើយនៅក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរស្រុកស្ទោង និងសង្កាត់រដ្ឋបាលព្រៃឈើស្ទោង តែលោកស្រី យុក គឹមឡេង បែរជាទិញឆ្នាំ២០០៧ តើមេព្រៃលក់ ឬអភិបាលស្រុកលក់ ឬអង្គភាពខាងណាលក់ បើដឹងច្បាស់ថាជាដីអភិរក្សារបស់រដ្ឋ តែបែរជាមករលាយក្នុងឆ្នាំ ២០២១ទៅវិញ។
លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ទទួលបន្ទុកផ្នែកការពារបង្រ្កាបព្រៃឈើ និងនេសាទ បានឆ្លើយបដិសេធ មិនដឹងពីការឈូសឆាយដីរបស់ក្រុមហ៊ុនគ្រួសារសុខសាសន្តឡើយ។

ចំណែកលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ធំ បានឲ្យដឹងថា លោកនិងចុះស្រាវជ្រាវឲ្យលំអិតពី បញ្ហាឈូសឆាយដីព្រៃនេះ ។

ដោយ ជា រដ្ឋា