សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៣ខែតុលានេះ បានជួបពិភាក្សាជាមួយឯកឧត្តម DATO’ SERI HISHAMMUDDIN TUN HUSSE IN ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី តាមរយៈប្រព័ន្ធវីដេអូ “Video Conference”។
នៅក្នុងកិច្ចពិភាក្សានេះ សម្តេចពិជ័យសេនា បានវាយតម្លៃរួមគ្នាពីវិស័យសន្តិសុខការពារជាតិនាពេលបច្ចុប្បន្ន នៅមានបញ្ហាប្រ ឈមជាច្រើនទៀត និងបានចែករំលែកពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ស្ថានភាពជំងឺកូវីដ-១៩នៅប្រទេសទាំងពីរ។
កម្ពុជា-ម៉ាឡេស៊ី និងបានឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា គាំទ្រគ្នាទៅវិញទៅមកក្នុងការឈានឆ្ពោះទៅរកការ បើកសង្គម សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី។
ជាមួយគ្នានេះ សម្តេចពិជ័យសេនា និងលោក Hussein បានចែករំលែកទស្សនៈ និងសម្តែងការគាំទ្រជួយគ្នាទៅវិញទៅមកលើការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ នៅកម្ពុជាខាងមុខនេះ ឲ្យដំណើរការប្រកប ដោយជោគជ័យ ដើម្បីឆ្ពោះទៅរកតំបន់មួយ ប្រកបដោយសន្តិភាព សន្តិសុខ បរិយាប័ន្ន និងវិបុលភាព។