ខេត្តសៀមរាប ៖ ប្រាសាទតានៃកំពុងបង្អួតសម្រស់ដល់ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងព្រៃខាងជើងប្រាសាទតាព្រហ្មដែលមានរចនាបទដ៏ល្អឯក មិនខុសពីប្រាង្គប្រាសាទបុរាណខ្មែរផ្សេងទៀតឡើយ ក្នុងទឹកដីខេត្តសៀមរាប ។ និយាយពីឈ្មោះនៃប្រាសាទតានៃមានមនុស្សតិចណាស់ដែលបានស្គាល់ និងបានទៅដល់ ។
ប្រាសាទតានៃមានទីតាំងនៅក្នុងព្រៃខាងជើងប្រាសាទតាព្រហ្ម និងខាងកើតប្រាសាទតាកែវឆ្ពោះទៅខាងជើងប្រហែល៨០០ម៉ែត្រ ។ប្រាសាទតានៃ កសាងឡើងក្នុងសតវត្សទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន ។
អ្នកស្រីស៊ត តុលា ជាបុគ្គលិកផ្នែកទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ប្រចាំនៅប្រាសាទ តានៃ ឱ្យដឹងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ថា ជាមធ្យមនៅរដូវប្រាំងមានទេសចរប្រមាណពី១៥០ទៅ២០០នាក់ ដែលទៅទស្សនាប្រាសាទតានៃ ។
នៅរដូវវស្សានេះមិនសូវមានភ្ញៀវទៅប្រាសាទតានៃ ទេ គឺក្នុងមួយថ្ងៃមានប្រហែល៥០នាក់តែប៉ុណ្ណោះ ដោយសារស្ថិតនៅក្នុងព្រៃ និងក្នុងរដូវវស្សាផងនោះ ដូច្នេះកម្រមានទេសចរចូលទៅដល់ប្រាសាទតានៃនេះណាស់ ហើយភ្ញៀវទាំងនោះច្រើនជាបរទេសជនជាតិអឺរ៉ុប ។
អ្នកទេសចរគួរចំណាយពេលទៅទស្សនាប្រាសាទតានៃ ព្រោះមិនត្រឹមតែមានទេសភាពស្រស់ស្អាត ថែមទាំងមានសភាពស្ងប់ស្ងាត់ សក្តិសមជាទីសក្ការដ៏មានបារមី សម្រាប់អ្នកមានជំនឿ ។ លើសពីនេះភ្ញៀវទេសចរនឹងបានឮសំឡេងទឹកធ្លាក់ចេញពីទំនប់បារាំង ដែលស្ថិតនៅខាងជើងប្រាសាទតានៃដែលមានចម្ងាយពីគ្នាត្រឹម១០០ម៉ែត្រតែប៉ុណ្ណោះ ៕