គោល បំណងសំខាន់ៗរបស់គម្រោងមាន ៣ ទី១. ស្វែងយល់ពីស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ជលសាស្រ្ត ប្រព័ន្ធអាកូឡូស៊ីនៅតំបន់នោះ ទី២. ស្វែងយល់ពីខ្សែចង្វាក់ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ និងទី៣. សមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធក្នុងការបន្សាំនឹងការប្រែប្រួលអាកាសធាតុដើម្បីកំណត់អាទិភាពនៃការអនុវត្តគម្រោងនេះ ដែលមានរយ:ពេល ៥ឆ្នាំ (២០១៨-២០២២)។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយ: អង្គការ USAIDបានជួយគាំទ្រផ្តល់ថវិកាសម្រាប់យកមកអនុវត្តគម្រោងខាងលើ បានផ្តួចផ្តើមជាគំនិតលើកសំណើរ និងរៀបចំគម្រោងដ៏មានសារ:ប្រយោជន៍សម្រាប់អភិវឌ្ឍន៍ និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ដែលមានសក្តានុពលផ្នែកធនធានធម្មជាតិដូចជាព្រៃឈើ សត្វព្រៃ ប្រព័ន្ធជីវចម្រុះ ជលសាស្រ្ត និងអេកូឡូស៊ី ដែលបាននិងកំពុងផ្តល់ប្រយោជន៍យ៉ាងមហាសាលទាំងផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនជនជាតិដើមភាគតិចដែលកំពុងរស់នៅពឹងអាស្រ័យលើធនធានធម្មជាតិដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ។
លោកបានជម្រាបជូនភ្ញៀវបន្ថែមថា ការអភិវឌ្ឍសហគមន៍ព្រៃឈើ និងការការពារ ថែរក្សាធនធានធម្មជាតិគឺជាអាទិភាពដ៏ចំបងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានជាសេនាធិការ។
ទន្ទឹមនឹងនេះលោករដ្ឋមន្រ្តី បានស្នើឲ្យដៃគូ យកចិត្តទុកដាក់ បញ្ចូលនូវបច្ចេកវិទ្យាកសិកម្មសមស្របទៅក្នុងការដាំដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការកែឆ្នៃ កសិ ធុរកិច្ច និងកសិទេសចរណ៍ ផងដែរ ដោយត្រូវធ្វើយ៉ាងណា ឲ្យសមាជិកសហគមន៍ទទួលបានការលើកកម្ពស់កម្រិត ជីវភាព កាត់បន្ថយភាពក្រីក្រ និងសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០។
សូមបញ្ជាក់ថា ព្រៃឡង់បានគ្របដណ្តប់លើខេត្តចំនួន ៤ គឺខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ។ គម្រោងនេះគ្រោងចំណាយថវិកាប្រមាណ ២១លានដុល្លារ សម្រាប់រយ:ពេល ៥ឆ្នាំដែលអនុវត្តដោយ Tetra Tech, អង្គការសមាគមន៍អភិរក្សសត្វព្រៃ និងអង្គការអភិរក្សអន្តរជាតិ រួមជាមួយការចូលរួមសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន៕