ភ្នំពេញ៖ សម្តេចតេជោបានមានប្រសាសន៍នៅថ្ងៃទី៣១ខែមីនានេះថា រយៈពេល៣ខែនាឆ្នាំនេះ ស្ថានភាពសង្គមគឺមានភាពខុសគ្នាឆ្ងាយដាច់ពីឆ្នាំ២០២១កន្លងទៅ។ ដោយសារតែពេលនោះ ជាពេលលំបាកបំផុតដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ ដែលពេលនោះយើងបានបង្ខំចិត្តដាក់ចេញវិធានការជាច្រើន ដើម្បីធានាអាយុជីវិតរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា រយៈពេល៩ខែគិតចាប់ពីថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១ មកដល់ពេលនេះ កម្ពុជាជីកមាសបាន ២,២៧៥គីឡូចំនួននេះគិតត្រឹមមួយកន្លែងប៉ុណ្ណោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា នៅថ្ងៃទី៣០ ខែមីនា ជាថ្ងៃដែលសម្តេចសប្បាយចិត្តខ្លាំងជាងគេ ដោយសារពន្ធដារបានបំបែកឯកទគ្គកម្មសម្រាប់ចំណូលផ្ទៃក្នុង ដោយប្រមូលបាន ២៣៦លានដុល្លារ។
ក្នុងរយៈពេលមួយ ខែមីនានេះ អាចបានចំណូលប្រមាណ៧០០លានដុល្លារ។ ចំណូល ខែមករាប្រមាណ២៨៨លាន ខែកុម្ភៈប្រមាណ២២៣លាន ខែមីនាប្រមាណ៧០០លាន។ សរុបរយៈពេល៣ខែឆ្នាំ២០២២ ចំណូលបានជាង១២០០លានដុល្លារ។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំឱ្យពន្លឿននៃការលើកកម្រិតអ្នកមានប្រាក់សោធននិវត្តន៍ដែលទាបឱ្យលឿនបន្តិច។
សម្តេចបានណែនាំឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រៀបចំបង្កើនថវិកាសម្រាប់អ្នកមានប្រាក់បៀវត្សរ៍ទាប ជាពិសេសអតីតយុទ្ធជន។ ការធ្វើបែបនេះគឺដើម្បីដោះស្រាយវិសមភាពប្រាក់ចូលនិវត្តន៍របស់មន្ត្រីរាជការ។