បរទេស៖ ប្រទេសរុស្ស៊ីបានព្រមានសហរដ្ឋអាមេរិកថានឹងជួបផលវិបាកធ្ងន់ធ្ងរនឹកស្មានមិនដល់ បើបន្តបញ្ជូនអាវុធឲ្យអ៊ុយក្រែន។ រុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តថាកំពុងដុតបញ្ឆេះភ្នក់ភ្លើងសង្រ្គាម ខណៈប្រាប់ពួកគេឲ្យបញ្ឈប់ការដឹកជញ្ជូនអាវុធដោយគ្មានការទទួលខុសត្រូវទៅឲ្យប្រទេសអ៊ុយក្រែន។
សារព័ត៌មាន Washington Post បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានអំពាវនាវដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនឲ្យបញ្ឈប់ការដឹកជញ្ជួនគ្រឿងសព្វាវុធដោយគ្មានទំនួលខុសត្រូវ ទៅឲ្យអ៊ុយក្រែន និងបានព្រមានពីផលវិបាកធ្ងន់ធ្ងរនឹងស្មានមិនដល់ សម្រាប់សន្តិសុខតំបន់ និងអន្តរជាតិ។
អ្នកនាំពាក្យមួយរូបរបស់ក្រសួងការបរទេសអាមេរិកមិនអាចបញ្ជាក់ការឆ្លើយតបតាមផ្លូវការទូតណាមួយបានទេ ប៉ុន្តែបានបញ្ជាក់ច្បាស់ថា ពួកគេនឹងបន្តបញ្ជូនអាវុធឲ្យអ៊ុយក្រែន ។
កំណត់ទូតនេះត្រូវបានបញ្ជូនទៅចំពេលរដ្ឋបាលលោកប្រធានាធិបតី Joe Bidenត្រៀមប្រកាសជំនួយជុំចុងក្រោយទៅកាន់អ៊ុយក្រែន ជាកញ្ចប់ថវិកាចំនួន ៨០០លានដុល្លារអាមេរិក រួមមានទាំងប្រព័ន្ធអាវុធដែលមានប្រសិទ្ធភាពខ្ពស់ផងដែរ ។
ក្រុមមន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែនបាននិយាយថា កងកម្លាំងអ៊ុយក្រែនដែលត្រូវរងការឡោមព័ទ្ធក្នុងទីក្រុង Mariupol បានច្រានចោលការទាមទាររបស់រុស្ស៊ីឲ្យទម្លាក់អាវុធចុះប្រគល់ខ្លួននិងនៅតែបន្តតស៊ូប្រយុទ្ធរហូតដល់ទីបញ្ចប់ការពារទីក្រុងកំពង់ផែភាគអាគ្នេយ៍មួយនេះ ។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយថា ទីក្រុងដែលត្រូវបានស្ថិតក្រោមការឡោមព័ទ្ធដោយទាហានរុស្ស៊ី ចាប់តាំងពីថ្ងៃទី១ខែមីនាមក មិនទាន់ដួលរលំទេ ។ ទាហានអ៊ុយក្រែនដែលបានជាប់នៅក្នុងទីក្រុងនេះ កំពុងប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី ទោះបីជាកម្លាំងពួកគេមិនដល់ខាងរុស្ស៊ីក៏ដោយ។
លោក Shmyhal បាននិយាយប្រាប់ទូរទស្សន៍ ABC News ថា យើងនៅតែមានកងកម្លាំងយោធារបស់យើង និងទាហានរបស់យើង ដូច្នេះពួកគេនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់ខណៈដែលពួកគេកំពុងស្ថិតនៅក្នុងទីក្រុងMariupol ក៏ដោយ ។
ទីប្រឹក្សាមួយរូបរបស់អភិបាលក្រុងMariupolក៏បានច្រានចោលឱសានវាទកំណត់ដោយរុស្ស៊ីផងដែរ កាលពីព្រឹកថ្ងៃអាទិត្យ ។
រុស្ស៊ីនិយាយថា ទាហានរបស់ខ្លួនបានបោសសម្អាតតំបន់ជាយក្រុង ដ៏សំខាន់មួយនៃទីក្រុង Mariupol និងនៅសល់តែក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនមួយក្រុមតូចប៉ុណ្ណោះ ដែលនៅតែបន្តសំងំនៅក្នុងរោងចក្រផលិតដែក នៅក្នុងទីក្រុងកំពង់ផែ ភាគខាងត្បូង ដែលរងការឡោមព័ទ្ធមួយនេះ ។ ភាគីរុស្ស៊ីបន្ថែមថា កងកម្លាំងអ៊ុយក្រែន ចំនួន១.៤៦៤ នាក់ បានទម្លាក់អាវុធចុះចាញ់អស់ហើយ ។
ដោយឡែក ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ឧក្រិដ្ឋកម្មរុស្ស៊ី លើជនស៊ីវិលនឹងបញ្ចប់ដំណើរការចរចា។
លោក Zelenskyy បាននិយាយ ទៅកាន់ក្រុមអ្នកសារព័ត៌មានអ៊ុយក្រែននៅទីក្រុងគីវថា ការវាយ ប្រហារមកលើប្រជាជនរបស់យើងនៅក្នុងទីក្រុង Mariupol និងអ្វីដែលពួកគេកំពុងធ្វើនៅពេលនេះ អាចបញ្ចប់ដំណើរការនៃការចរចាគ្រប់រូបភាព ។
លោក Zelenskyy និយាយថា ករណីនៃអំពើឃោរឃៅកាន់តែច្រើនបានលេចឡើង ដែលធ្វើឲ្យអ្នកចរចានឹងមិនបន្ត ឬកិច្ចព្រមព្រៀងនឹងមិនត្រូវបានអនុវត្តឡើយ ។
លោក Zelenskyy បានបញ្ជាក់សារជាថ្មីនូវដំណោះស្រាយរបស់ប្រទេសដើម្បីប្រយុទ្ធជាមួយកង កម្លាំងរុស្ស៊ី ក្នុងតំបន់ Donbas ក្នុងសន្ទរកថាប្រចាំថ្ងៃ លោកបានអំពាវនាវសុំជំនួយអាវុធបន្ថែមទៀត សម្រាប់យោធាខណៈការប្រយុទ្ធនៅតំបន់ភាគខាងកើតកាន់តែរីកធំ ។
ខណៈពេលនោះដែរ ប្រធានទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ(UNHCR)បានសង្ឃឹមថា សន្តិភាពនឹងឈ្នះលើសង្គ្រាម ស្របពេលជនជាតិអ៊ុយក្រែនជាង ៤.៨ លាននាក់បានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេចាប់តាំងពីការវាយប្រហាររបស់រុស្ស៊ី ។
ប្រធាន UNHCR លោក Filippo Grandi និយាយថា ខណៈគ្រឹស្ទបរិស័ទប្រារព្ធពិធីរស់ឡើងវិញកាលពីថ្ងៃអាទិត្យនៅថ្ងៃពិធីបុណ្យអ៊ីស្ទើរ (Easter) ដ៏ក្រៀមក្រំនេះ យើងត្រូវតែសង្ឃឹមយ៉ាងមុតមាំថា នៅប៉ុន្មានថ្ងៃ ប៉ុន្មានខែ និងប៉ុន្មានឆ្នាំខាងមុខ វិធីសាស្ត្រ និងភាសានៃសង្រ្គាមនឹងមិនឈ្នះអ្វីនោះទេ វានឹងកាន់តែពិបាក និងស្មុគស្មាញ ក្នុងការនាំទៅរកសន្តិភាព។
UNHCR បាននិយាយថា ជនជាតិអ៊ុយក្រែន ៤.៨៦៩.០១៩ នាក់បានចាកចេញពីប្រទេសចាប់តាំងពីប្រទេសរុស្ស៊ីបានវាយលុកចូលកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕