ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

យោធាអ៊ុយក្រែននិយាយពីការធ្វើសង្រ្គាមរបស់រុស្ស៊ីនៅតំបន់ភាគខាងកើតប្រទេសរបស់ខ្លួន

អ៊ុយក្រែន៖ អ្នកនាំពាក្យអគ្គនាយសេនាធិការកងទ័ពអ៊ុយក្រែន លោក អូឡេកសាន់ដឺ ស្ទូពូន បាននិយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងរុស្ស៊ី បច្ចុប្បន្នកំពុងផ្តោតសំខាន់លើកិច្ចខិតខំរបស់ពួកគេ ក្នុងការដណ្តើមគ្រប់គ្រងទាំងស្រុងតំបន់ដូណេតស្ក៍ និងតំបន់លូហានស្ក៍ ស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន ។
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថតជាវីដេអូទុក លោក ស្ទូពូនកត់សំគាល់ឃើញថា ផែនការសំខាន់របស់យោធា គឺទម្លុះការការពាររបស់ទាហានអ៊ុយក្រែន នៅតំបន់លូហានស្ក៍ និងតំបន់ដូណេតស្ក៍ ក៏ដូចជា ដណ្តើមការគ្រប់គ្រងទាំងស្រុងទីក្រុងម៉ារៀប៉ូល ។
លោកបន្តថា កងកម្លាំងរុស្ស៊ី បានព្យាយាមផងដែររុលចូលឲ្យដល់ព្រំដែនរដ្ឋបាលតំបន់ឃឺសុនហើយលោកបានចោទប្រកាន់រុស្ស៊ី ថាបានផ្លោងគ្រាប់កាំភ្លើងធំមកលើគោលដៅជនស៊ីវិលនៅក្នុងទីក្រុង មីកូឡែវ ។
លោកស្ទូពូន អះអាងថា សម្ព័ន្ធមិត្តរុស្ស៊ី គឺប្រទេសបេឡារុសបន្តផ្តល់ដែនដីរបស់ពួកគេ សម្រាប់ការវាយប្រហារតាមច្រកអាកាសមកលើទឹកដីអ៊ុយក្រែន និងឈ្លបការណ៍វត្ថុនៅលើទឹកដីរបស់ពួកយើង ។
ខណៈពេលនោះដែរ កងកម្លាំងពិសេសរបស់ឆ្មាំជាតិអ៊ុយក្រែន “Azov” បានចេញផ្សាយវីដេអូថតតាមយានដ្រូន បានបង្ហាញពីការប្រយុទ្ធគ្នានៅក្នុងទីក្រុងរងការឡោមព័ទ្ធម៉ារៀប៉ូល ។
សេចក្តីថ្លែងការណ៍បង្ហោះនៅលើទំព័រ Telegramរបស់កងកម្លាំង Azovបាននិយាយថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានចាប់ផ្តើមការវាយលុកនៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូងមួយនេះ ដែលគេមើលឃើញមានការប្រយុទ្ធគ្នាខ្លាំងក្លា អស់រយៈពេលជាច្រើនសប្តាហ៍មកនេះ ។
គួរឲ្យដឹងថា កងកម្លាំង Azov គឺជាកងកម្លាំងយោធាប៉ារ៉ាដែលកំពុងប្រយុទ្ធរួមជាមួយកងទ័ពជាតិ ។ កងកម្លាំង Azov ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដោយសកម្មជនស្តាំនិយមដឹកនាំដោយ លោក អ៊ែនឌ្រី ប៊ីឡេតស្គី (Andriy Biletsky) នៅពេលចាប់ផ្តើមជម្លោះផ្តាច់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន។
កងកម្លាំងពិសេសមួយនេះ បានក្លាយជាផ្នែកមួយនៃកងឆ្មាំជាតិរបស់អ៊ុយក្រែន ហើយកងទ័ពជាច្រើនរបស់អង្គភាព គឺជាសមាជិកនៃក្រុមនយោបាយស្តាំនិយម ៕