ទីក្រុងប៉េកាំង៖ ប្រធានាធិបតីចិនលោក ហ្ស៊ី ជីនពីង(Xi Jinping)បាននិយាយថា រដ្ឋាភិបាលរបស់លោកគាំទ្រការជជែកដោះស្រាយជម្លោះអន្តរជាតិ ប៉ុន្តែជំទាស់ទៅនឹងការប្រើប្រាស់ទណ្ឌកម្ម ។
អនុសាសន៍របស់លោក ហ្ស៊ី បានធ្វើឡើងនៅក្នុងសារវីដេអូដែលបានបង្ហាញនាថ្ងៃព្រហស្បតិ៍នេះ ក្នុងវេទិកាអន្តរជាតិស្តីពីខេត្តភាគខាងត្បូងហៃណាន ។
សម្តីរបស់លោក ហ្ស៊ី គឺជាការប៉ុនប៉ងចុងក្រោយរបស់ចិន ប្រកាសដំណោះស្រាយចំពោះការវាយលុករបស់រុស្ស៊ី ចូលអ៊ុយក្រែន ។
ទីក្រុងប៉េកាំង បានគាំទ្រទីក្រុងម៉ូស្គូ ដោយបដិសេធន៍មិនហៅជម្លោះថាជាការឈ្លានពាន ហើយ ពួកគេនិយាយថា រុស្ស៊ីត្រូវគេរករឿងមុន ដោយសារការពង្រីកសម្ព័ន្ធមិត្តអង្គការណាតូ ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ហ្ស៊ី បាននិយាយថា ចិននៅតែប្តេជ្ញាចិត្តគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីប្រទេសទាំងអស់ ។
នៅក្នុងសារវីដេអូនេះដែរ លោក ហ្ស៊ី បានព្រមានប្រឆាំងផ្នត់គំនិតសង្រ្គាមត្រជាក់ ហើយលោកនិយាយថា “ឯកតោភាគីនិយម និង នយោបាយនិយមបក្សពួក” គួរតែចៀសវាង ។
គួរឲ្យដឹងថា ចិនបានអនុប្បវាទ ឬបោះឆ្នោតឈរខាងរុស្ស៊ី លើសំណើរកាលពីពេលថ្មីៗនេះដែលដាក់ជូនអង្គការសហប្រជាជាតិ(U.N) ៕