(ភ្នំពេញ)៖ កាលពីវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានការសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ និងមានការឯកភាពពី លោក សេង គឹមឡាំង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបផ្ទះផលិតគ្រឿងញៀន នៅចំណុចផ្ទះលេខ ២៨៥AE0 ផ្លូវ៣៧១ ក្រុមទី៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានម្ចាស់ផ្ទះឈ្មោះ អ៊ុយ រ៉ាស៊ី ភេទប្រុស (ពុំមានការឃាត់ខ្លួនមនុស្ស) ។
សមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនរួមមាន មេតំហ្វេតាមីន ១៨kg, កេតាមីន ៦០kg, សារធាតុមិនច្បាស់លាស់ ៥០,២kg, ម្ស៉ៅរូបពោតមានច្បាស់លាស់ ៨០កេស, ម្ស៉ៅមិនច្បាស់លាស់ ៤៥kg, ម៉ាស៊ីនលាយថ្នាំ ៩គ្រឿង, ជញ្ជីងថ្លឹង ០២គ្រឿង, ពុម្ភគ្រាប់ថ្នាំ ១៨០ដើម និងសម្ភារៈមួយចំនួន ។
ចំពោះវត្ថុតាងខាងលើ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន យកទៅរក្សាទុក ហើយផ្ទះខាងលើត្រូវបានបិតជាបណ្តោះអាសន្ន ៕