ចិន៖ យោងតាមទិន្នន័យដឹកជញ្ជូននិងក្រុមពាណិជ្ជករប្រេង ដែលបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឲ្យដឹងថា ប្រទេសចិន បានបង្កើនការទិញប្រេងតម្លៃថោករបស់រុស្ស៊ីដោយស្ងាត់ៗ គឺជាប្រេងសល់ពីអ្នកទិញលោកខាងលិច ដែលងាកចេញពីការធ្វើមុខជំនួញជាមួយរុស្ស៊ី បន្ទាប់ពីការវាយលុកចូលអ៊ុយក្រែន កាលខែកុម្ភៈកន្លងទៅ ។
ការទិញប្រេងដោយប្រទេសនាំចូលប្រេងធំបំផុតរបស់ពិភពលោកមួយនេះ បានកើតមានឡើងរយៈពេល ១ខែ ប៉ុណ្ណោះ ក្រោយពួកគេកាត់បន្ថយការផ្គត់ផ្គង់របស់រុស្សី ដោយសារការព្រួយបារម្ភចំពោះការគាំទ្រទីក្រុងម៉ូស្គូ ដោយបើកចំហរ ក៏ដូចជាជំរុញឲ្យក្រុមហ៊ុនប្រេងខ្នាតយក្សគ្រប់គ្រងដោយរដ្ឋរបស់ពួកកេ ប្រឈមនឹងព្រនុងទណ្ឌកម្ម ។
យោងតាមការប៉ាន់ស្មានរបស់ក្រុមអ្នកវិភាគ Vortexa បានឲ្យដឹងថា ការនាំចូលប្រេងរុស្ស៊ីតាមសមុទ្ររបស់ចិន នឹងកើនឡើងខ្ពស់បំផុតជិត ១.១លានបារ៉ែលក្នុង១ថ្ងៃ ក្នុងខែឧសភានេះ ពោលគឺកើនឡើងពីចំនួន ៧៥ម៉ឺនបារ៉ែលក្នុង១ថ្ងៃ នៅត្រីមាសដំបូង និង ៨០ម៉ឺនបារ៉ែល ក្នុង១ថ្ងៃ កាលពីឆ្នាំ ២០២១ ។
យោងតាមទិន្នន័យទឹកជញ្ជូន បានឲ្យដឹងថា ក្រុមហ៊ុន Unipec ដែលជាដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុនចម្រាញ់ប្រេងកំពូល Sinopec Corp របស់អាស៊ីនោះ ឈានមុខគេក្នុងការទិញប្រេងទាំងនេះ ជាមួយនឹងក្រុមហ៊ុនប្រេង Zhenhua Oil ។
ក្រុមពាណិជ្ជករ អះអាងថា ក្រុមហ៊ុនដឹកជញ្ជូន Livna Shipping Ltd គឺជាក្រុមហ៊ុនចុះបញ្ជីនៅហុងកុង បានក្លាយជាក្រុមហ៊ុនដឹកជញ្ជូនប្រេងរុស្ស៊ីធំផងដែរ ចូលទៅក្នុងប្រទេសចិន ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Sinopec ,Zhenhua និងក្រុមហ៊ុន Livnaបដិសេធន៍មិនឆ្លើយតបចំពោះសំណើរសុំសេចក្តីអធិប្បាយនោះទេ ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក អង់គ្លេស និងប្រេសទិញប្រេងសំខាន់ៗមួយចំនួនទៀត បានហាមឃាត់ការនាំចូលប្រេងរុស្ស៊ី ភ្លាមៗក្រោយទីក្រុងម៉ូស្គូ វាយលុកចូលប្រទេសអ៊ុយក្រែន ។ សហភាពអឺរ៉ុប នឹងបញ្ចប់ជុំទណ្ឌកម្មបន្ថែមទៀត ដែលរួមទាំងបំរាមលើការទិញប្រេង។
ដោយឡែក ក្រុមហ៊ុនចម្រាញ់ប្រេងមួយចំនួនរបស់អឺរ៉ុប បានបញ្ឈប់រួចទៅហើយការទិញប្រេងពីរុស្ស៊ី ដោយសារក្តីកង្វល់ពីទណ្ឌកម្ម ៕