ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ស្ថាបនិកនិងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក

ស្វីស:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក។

នៅក្នុងជំនួបនេះលោកសាស្ត្រាចារ្យ Klaus Schwab បានស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកកាន់ទីក្រុងដាវ៉ូសប្រទេសស្វីសនៅពេលនេះ។
លោកក៏បានអរគុណសម្ដេចតេជោដែលបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍អរគុណចំពោះលោកសាស្ត្រាចារ្យ ដែលបានចំណាយពេលវេលាក្នុងជំនួបនាព្រឹកនេះ។ នៅក្នុងឱកាសនេះ សម្ដេចតេជោបានស្នើអញ្ជើញលោកសាស្ត្រាចារ្យ Klaus Schwab ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចសន្ទនា អាស៊ានពិភពលោកលើកទី២ដែលគ្រោងធ្វើនៅកម្ពុជានៅខែវិច្ឆិកាឆ្នាំ ២០២ ២ខាងមុខនេះ។
សម្តេចតេជោបានមានប្រសាសន៍ថា កាលពីឆ្នាំ២០១២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននោះកម្ពុជាក៏បានរៀបចំវេទិកាសន្ទនាអាស៊ានពិភពលោកទី១ដែរ ដែលកាលនោះមានការចូលរួមពីប្រធានស្ថាប័ន មួយចំនួនដូចជា IMF ធនាគារពិភពលោកនិងធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម។
លើកនេះកិច្ចសន្ទនាអាស៊ានពិភពលោក ដែលគ្រោងធ្វើនៅខែវិច្ឆិកាឆ្នាំ២០២២នោះសម្ដេចតេជោសូមអញ្ជើញលោកសាស្ត្រាចារ្យ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំនោះ។
សម្ដេចតេជោបានមានប្រសាសន៍ថា ដោយសារវេទិកាសេដ្ឋកិច្ចពីពិភពលោក គឺមានចំនុចជាច្រើនដែលធ្វើការងារប្រទាក់ក្រឡាគ្នាដែលបម្រើនូវផលប្រយោជន៍ដល់អាស៊ាន។
លោកសាស្ត្រាចារ្យKlaus Schwab បានមានប្រសាសន៍ថា គាត់ពិតជាអរគុណសម្ដេចតេជោដែលបានអញ្ជើញលោក ពីព្រោះវេទិកាសេដ្ឋកិច្ចពិភពលោកចាត់ទុកអាស៊ានពិតជាមានសារសំខាន់ណាស់ សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ហើយជាពិសេសលោកក៏បានគូសបញ្ជាក់ទៀតថា សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺនឹងដើរតួនាទីយ៉ាងសំខាន់ព្រោះសម្ដេចជាប្រធានអាស៊ាននៅឆ្នាំនេះ។
លោកសាស្ត្រាចារ្យបានបន្ថែមទៀតថាលោកក៏ត្រូវបានការអញ្ជើញពីក្រុមប្រទេសG20 ផងដែរ ដើម្បីចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ីផងដែរ ។
លោកបានបញ្ជាក់ថានេះគឺជាឱកាសដ៏ល្អ សម្រាប់លោកទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងការឃើញពីវឌ្ឍនភាព ភាពរីកចំរើនរបស់ប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាពេលដែលលោកសាស្ត្រាចារ្យមកកាន់ប្រទេសកម្ពុជា នឹងបានឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោយពេលដែលប្រទេសកម្ពុជាទទួលរងនូវការខ្ទេចខ្ទាំដោយសារសង្គ្រាម ដូច្នេះលោកសាស្ត្រាចារ្យ នឹងបានឃើញផ្ទាល់ពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្រោយទទួលបាននូវសុខសន្តិភាពនោះ។

លោកសាស្ត្រាចារ្យ ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក បានបន្ថែមទៀតថា លោកក៏ចង់ឃើញនូវការបង្កើត នូវមជ្ឈមណ្ឌលមួយដែលបង្កើតដោយវេទិកាសេដ្ឋកិច្ចពិភពលោក ដែលកន្លងមកបានធ្វើនៅតាមបណ្ដាប្រទេសជាច្រើនដូចជានៅអាមេរិក ចិន និងជប៉ុន ជាដើម ហើយលោកមានបំណងថា តាមរយៈមជ្ឈមណ្ឌលនេះនឹងអាចទាញផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤ ដែលត្រូវប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើន។
ម្យ៉ាងវិញទៀតតាមរយៈការបង្កើតមជ្ឈមណ្ឌលនេះនឹងអាចជួយប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយបំផុតដូចដែលបានអនុវត្តតាមបណ្ដាប្រទេសផ្សេងទៀត ដូចជាការអនុវត្តប្រើប្រាស់ត្រូនដឹកជញ្ជូនថ្នាំពេទ្យជាបន្ទាន់ទៅទីតាំងដាច់ស្រយាល ត្រូនប្រើក្នុងវិស័យកសិកម្ម ជាដើម ។
ហើយក៏មានការងារមួយចំនួនទៀតដែលប្រើប្រាស់បច្ចេកវិទ្យាជា មួយនឹងប្រព័ន្ធធនាគារផងដែរ។លោករំពឹងថាយើងនឹងអាចធ្វើការជាមួយគ្នាហើយនឹងអាចចុះកិច្ចព្រមព្រៀងមួយរវាងកម្ពុជានិងវេទិកាសេដ្ឋកិច្ចពិភពលោកនាពេលខាងមុខនេះ ជាពិសេសនៅពេលដែលលោកសាស្ត្រាចារ្យអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាតែម្ដង។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចនឹងចាត់ឲ្យមន្ត្រីទទួលបន្ទុក ធ្វើការងារនេះ ជាមួយនឹងខាងមន្ត្រីនៃវេទិកាសេដ្ឋកិច្ចពិភពលោក៕