សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាសជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយកីឡាករ កីឡាការិនី នៅកោះពេជ្រ កាលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដោយសារតែឡានក្រុងឯកជន ឡើងថ្លៃ ហើយសម្តេចធុញទ្រាន់នឹងអំពាវនាវដល់ក្រុមហ៊ុនឯកជនទាំងនោះ កុំឲ្យឡើងថ្លៃ។ ដូច្នេះមានតែមធ្យោបាយ បញ្ចេញឡានក្រុងរបស់រដ្ឋ ដើម្បីដឹកជញ្ជូនអ្នកដំណើរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំនេះតែម្តង។
រថយន្តទាំងអស់ នឹងចេញដំណើរតាមផ្លូវជាតិសំខាន់ៗមួយចំនួន ដូចជាៈ ផ្លូវជាតិលេខ ១, ផ្លូវជាតិលេខ២ ,ផ្លូវជាតិ៣, ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨ ដែលនឹងចាប់ផ្តើមចេញដំណើរនៅថ្ងៃទី១២ ខែមេសា ខាងមុខនេះ។
* ផ្លូវជាតិលេខ១ (ភ្នំពេញ-កណ្តាល-ស្វាយរៀង) ចំនួន ៥គ្រឿង និង (ភ្នំពេញ-កណ្តាល-ព្រៃវែង) ចំនួន៥គ្រឿង សរុប ១០គ្រឿង។
* ផ្លូវជាតិលេខ២ (ភ្នំពេញ-តាកែវ) ចំនួន ៥គ្រឿង។
* ផ្លូវជាតិលេខ៣ (ភ្នំពេញ-កែប) ចំនួន ៥គ្រឿង និង(ភ្នំពេញ-កំពត) ចំនួន៥គ្រឿង សរុបចំនួន ១០គ្រឿង។
* ផ្លូវជាតិលេខ៤ (ភ្នំពេញ-កំពង់ស្ពឺ) ចំនួន៣គ្រឿង និង (ភ្នំពេញ-ក្រុងព្រះសីហនុ) ចំនួន៧គ្រឿង សរុប ១០គ្រឿង។
* ផ្លូវជាតិលខេ៥ (ភ្នំពេញ-ខេត្តកំពង់ឆ្នាំង) ចំនួន ៥ គ្រឿង , (ភ្នំពេញ-ពោធិសាត់) ចំនួន១០គ្រឿង, (ភ្នំពេញ-បាត់ដំបង) ចំនួន ១៥គ្រឿង និង (ភ្នំពេញ-បន្ទាយមានជ័យ) ចំនួន ១៥គ្រឿង សរុប ៤៥គ្រឿង។
* ផ្លូវជាតិលេខ៦ (ភ្នំពេញ-កំពង់ធំ) ចំនួន ៥គ្រឿង , (ភ្នំពេញ-សៀមរាប) ចំនួន ១៥គ្រឿង សរុប ២០គ្រឿង។
* ផ្លូវជាតិលេខ៦ និងលេខ៧ (ភ្នំពេញ-កំពង់ចាម) ចំនួន៥គ្រឿង (ភ្នំពេញ-ខេត្តត្បូងឃ្មុំ) ចំនួន ៥គ្រឿង សរុប ១០ គ្រឿង។
* ផ្លូវជាតិលេខ ៦ និងលេខ៨ (ភ្នំពេញ-ក្រចេះ)ចំនួន ៥គ្រឿង និង(ភ្នំពេញ-ស្ទឹងត្រែង) ចំនួន៥គ្រឿង សរុប ១០គ្រឿង។
សូមរម្លឹកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅរដូវបុណ្យទានធំៗ ពោលគឺនៅបុណ្យភ្ជុំបិណ្ឌ និងនៅបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រាជរដ្ឋាភិបាល តែងតែបញ្ចេញឡានក្រុងរបស់សាលារាជធានីភ្នំពេញ ដើម្បីដឹកជញ្ជូនអ្នកដំណើរទៅមកភ្នំពេញ តាមបណ្តាខេត្តនានាទូទាំងប្រទេស ដោយឥតគិតថ្លៃ។ នេះជាការសម្រាលបន្ទុករបស់ប្រជាពលរដ្ឋខ្មែរ ខណៈដែលក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរឯកជន តែងតែឆក់ឱកាសដំឡើងថ្លៃរៀងរាល់ពិធីបុណ្យទានម្តងៗ៕