ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដែលបានចប់អាណត្តិការងារ

ភ្នំពេញ:នៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២២ នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៊ីស្លាមរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបន្តជួបពិភាក្សាការងារជាបន្តទៀតជាមួយ លោក Christian Bergerឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាដែលត្រូវចប់អាណត្តិបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនេះ លោក Christian Berger បាន មានប្រសាសន៍ជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ពិតជារីករាយដែលបានមកបំពេញបេសកកម្មការងាររយៈពេលប្រមាណជា ៣ឆ្នាំកន្លងមកនេះ នៅក្នុងប្រទេសកម្ពុជា។
លោកបានបន្តជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មការងាររបស់ឯកឧត្តមនារយៈពេលកន្លងមកនេះ លោក បានយកចិត្តទុកដាក់ខ្ពស់ទៅលើទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី។
លោកបានគូសបញ្ជាក់ថា ទោះបីមានឧបសគ្គដោយជំងឺកូវីដ-១៩ យ៉ាងណាក្តី តែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និង អាល្លឺម៉ង់មានការរីកចម្រើន។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះកិច្ចប្រឹងប្រែងអស់កម្លាំងកាយចិត្តរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងអាល្លឺម៉ង់ ឱ្យកាន់តែល្អប្រសើរគួរឱ្យកត់សម្គាល់។

សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតទទួលបានជោគជ័យក្នុងបេសកកម្មការងារបន្តរបស់ឯកឧត្តមជាបន្តបន្ទាប់ទៀត៕