ភ្នំពេញ: នៅវិមានសន្តិភាព នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក គីស៊ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ដ្រីការពារជាតិជប៉ុន។
ក្នុងជំនួបនេះ លោក គីស៊ី ណូប៊ុអូ (KISHI Nobuo) ពិតជារីករាយដែលបានជួបសម្ដេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា វត្តមានរបស់ លោកនៅកម្ពុជានាពេលនេះ គឺ ដើម្បីបំពេញទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ចំខួប៣០ ឆ្នាំនៃការបញ្ជូនកងរក្សាសន្តិភាពនៅកម្ពុជា។
លោកបានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ថ្ងៃទី២១ ខែមិថុនា ម្សិលមិញ ឯកឧត្តមក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។
លោកក៏បានអរគុណចំពោះការទទួលឯកឧត្តមដោយភាពកក់ក្តៅ ហើយបានគោរពជម្រាបជូនសម្ដេចតេជោថា ទី១- លោកមានសេចក្តីរីករាយជាមួយនឹងការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងថ្នាក់ដឹកនាំក្រសួងការពារជាតិកន្លងមក ដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរកាន់តែរីកចម្រើន និងកាន់តែស៊ីជម្រៅ,ទី២-បានជួបពិភាក្សាជាមួយនឹង លោក ហ៊ុន ម៉ាណែត ដោយបានផ្លាស់ប្ដូរទស្សនៈអំពីស្ថានភាពនាពេលបច្ចុប្បន្ននៅក្នុងតំបន់និងលើពិភពលោក រួមជាមួយការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផងដែរ, ទី៣-សូមគោរពវាយតម្លៃខ្ពស់ និងគាំទ្រការដឹកនាំរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយបញ្ហាប្រទេសមីយ៉ាន់ម៉ា ជាពិសេសការជំរុញការអនុវត្តតាមគោលការណ៍ឯកច្ឆ័ន ៥ចំណុចនោះ។
ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានឯកភាពជាមួយនឹង ឯកឧត្តម គីស៊ី ណូប៊ុអូ (KISHI Nobuo) ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ អោយកាន់តែស៊ីជម្រៅនិងបើកទូលាយជាពិសេសតាមរយៈការផ្លាស់ប្ដូរទស្សនៈលើការវាយតម្លៃស្ថានភាពតំបន់ និងពិភពលោក។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការដែលមានស្រាប់និងសូមឲ្យបន្តជំរុញផែនការនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន អោយកាន់តែសកម្មថែមទៀតដូចជាការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេងនាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់បណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា លើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ផ្តល់វគ្គសិក្សានាយទាហានសកម្ម បញ្ជារការសេនាធិការវិស្វកម្ម និងសុខាភិបាលជាដើម៕