ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Walmart គ្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ឱកាសការងារ និងជីវភាពរបស់ប្រជាជន

ភ្នំពេញ: លោក បណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី អានប៊ីញ ផាន នាយកផ្នែកកិច្ចការរដ្ឋាភិបាលជាសកលនៃក្រុមហ៊ុន Walma rt ធ្វើឡើងតាមរយៈប្រព័ន្ធអនទ្បាញ។
កិច្ចប្រជុំនោះ ក្នុងគោលបំណងដែល Walmart គ្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ឱកាសការងារ និងជីវភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងអាចជួយដល់ការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់កម្ពុជាថែមទៀត។

នៅក្នុងជំនួបនេះ លោក អុិត សំហេង ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុខភាពនិងសុវត្ថិភាពការងារ, ការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ, ថែរក្សានូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។
លើសពីនេះ ផ្តល់កិច្ចគាំពារសង្គមដល់កម្មករនិយោជិតនិងការ ពារពល ករទេសន្តរប្រវេសន៍ខ្មែរនៅបរទេស ស្របតាមគោល នយោបា យរបស់រាជរដ្ឋាភិបាល, ច្បាប់និងបទប្បញ្ញត្តិជាតិជាធរមាននិងអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន។
ពាក់ព័ន្ធនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានជម្រុញ និងផ្តល់អាទិភាពជូនកម្មករនិយោជិតរួមទំាងកម្មករនិយោ ជិតជនបរទេសតាមរោងចក្រ សហគ្រាស ក្នុងការទទួលបាននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងដោយឥតគិតថ្លៃ ទាំងដូសមូលដ្ឋាន និងដូសជម្រុញដោយគ្មានការរើសអើង។

រាជរដ្ឋាភិបាលក៏បានដាក់ចេញជាបន្តបន្ទាប់និងអនុវត្តប្រកបដោយជោគជ័យនូវកញ្ចប់វិធានការអន្តរាគមន៍ចំនួន ១០ជុំរួចមកហើយក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដូចជាការធានាបាននូវប្រក្រតីភាពនៃអាជីវកម្ម ពាណិជ្ជកម្ម ផលិតកម្ម វិនិយោគ ការងារ និងមុខរបរជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ។

លោកស្រី អានប៊ីញ ផាន បានកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលបាន យកចិត្តទុកដាក់លើលក្ខខណ្ឌការងារបានប្រសើរជាពិសេសគ្រប់គ្រង និងទប់ស្កាត់បានយ៉ាងល្អចំពោះការឆ្លងរាលដាលនៃកូវីដ-១៩ ដើម្បីធានាបាននូវនិរន្តរភាពចង្វាក់ផលិតកម្ម និងការនាំចេញផលិតផលកម្ពុជាទៅក្រៅប្រទេស។

គួរបញ្ជាក់ដែរថា Walmart ជាក្រុមហ៊ុនលក់រាយធំជាងគេបំផុតលើពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦២។ មានទីស្នាក់ការកណ្តាលនៅរដ្ឋអាកានសាស់ សហរដ្ឋអាមេរិក មានបុគ្គិល ២.៣លាននាក់ និងកំពុងធ្វើប្រតិបត្តិការនៅក្នុង ២៤ប្រទេស។
Walmart គឺជាក្រុមហ៊ុនឈានមុខគេក្នុងការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ និងផលិតផលកម្សាន្តតាមរដូវកាល។នាពេលអនាគតWalmartគ្រោងនាំចេញពីប្រទេសកម្ពុជានូវ ផ្លែឈើ ផលិតផលចំណីអាហារ គ្រឿងអេឡិចត្រូនិច និងសង្ហារឹម គឺពេលដែលផលិតផលទាំងនេះត្រូវតាមស្តង់ដារអន្តរជាតិ៕