បាត់ដំបង៖ អាជ្ញាធរស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងចម្រុះឃាត់សកម្មភាពឈូសឆាយទន្រ្ទានយកដីដោយខុសច្បាប់ ក្នុងតំបន់មានទំទាស់ ដែលរដ្ឋបាលស្រុកកំពុងតែស្វែងរកដំណោះស្រាយ។
លោក ឃៀម រដ្ឋា អភិបាលរងស្រុកគាស់ក្រឡ និងជាប្រធានក្រុមការងារចំពោះកិច្ច បានអ្នកបើកបរត្រាក់ទ័រមួយគ្រឿងឈប់ភ្ជួររាស់លើដី ដែលមិនទាន់ទទួលសិទ្ធិកាន់កាប់ពីរដ្ឋាបាលសាលាស្រុក។
ក្នុងដំណើរចុះត្រួតពិនិត្យជាក់ស្តែងនេះ លោកអភិបាលរងស្រុក បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកបើកបរគ្រឿងចក្រកំពុងភ្ជួរឈូសឆាយដីទំហំជាងបីហិកតា នៅចំណុចអូរដេកា ប្លុកតាសេក ក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ប្រសិនបើមិនបញ្ឈប់សកម្មភាពខុសច្បាប់នេះ។
មុននឹងក្រុមការងារស្រុកចុះមកដល់ទីតាំង អ្នកបើកបរត្រាក់ទ័រភ្ជួរដីនេះ ឈ្មោះ ទេព ចំណាន អាយុ២២ឆ្នាំ កំពុងតែភ្ជួរឈូសឆាយលើដីទំហំទទឹង៥០ម៉ែត្រ បណ្តោយ៧០០ម៉ែត្រ ដែលអាជ្ញាធរស្រុកទទួលស្គាល់ថា ជាដីកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនឯកជន។
អ្នកបើកបរត្រាក់ទ័រនេះ បានជម្រាបប្រាប់ក្រុមការងារស្រុកថា ខ្លួនភ្ជួរដីឲ្យបុរសម្នាក់ឈ្មោះ ឡូវ ពៅ ជាអាជីវករលក់គ្រឿងអលង្ការ មានទីលំនៅក្នុងខេត្តបាត់ដំបង ដែលបានទិញពីមន្ត្រីយោធាម្នាក់ ឈ្មោះ ធីម សុគន្ធ កាលពីពេលថ្មីៗកន្លងមកនេះ។
លោក ទេព ចំណាន បានប្រាប់លោក ឃៀម រដ្ឋា អភិបាលរងស្រុកថា ឈ្មោះ ឡូវ ពៅ បានទិញដីពីឈ្មោះ ធីម សុគន្ធ កាលពីចុងឆ្នាំ២០២១ ក្នុងតម្លៃពី១ ០០០ដុល្លារ ទៅ២ ០០០ដុល្លារ ក្នុងមួយហិកតា ហើយជួលលោកឲ្យត្រាក់ទ័រភ្ជួរឈូសឆាយដី ដើម្បីដាំដំឡូងមី។
ដោយសារឃើញទង្វើខុសច្បាប់ជាក់ស្តែង លោក ឃៀម រដ្ឋា បានព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នកបើកបរត្រាក់ទ័រ ដោយលោកប្រាប់ថា «ប្អូនផ្អាកសិន។ បើបន្តទៀត ប្អូនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង»។
ក្នុងករណីរំលោភលើដីឯកជននេះ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សាសម្តេចក្រឡាហោម និងជាប្រធានសមាគមសារព័ត៌មានអេឡិចត្រនិច អឹម អេស ជេ តំណាងឲ្យក្រុមហ៊ុនអេហ្រ្វីខាល់ឈ័រ ហ្រ្គីន ហ្វៀល ខូអិលធីឌី (AGRICULTURE GREEN FIELD Co,Ltd) បានជួបពិភាក្សាជាមួយអាជ្ញាធរស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងស្នើសុំកំណត់ព្រំរវាងដីសម្បទានសង្គមកិច្ច និងដីកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន ដើម្បីការពារមិនឲ្យជនខិលខូចទន្ទ្រានចូលកាន់កាប់ដោយខុសច្បាប់។
លោក ឃៀម រដ្ឋា អភិបាលរងស្រុកគាស់ក្រឡ បានមានប្រសាសន៍ថា ដោយសារមានក្រុមខិលខូចមួយចំនួនបានគប់គិតគ្នា ជាមួយលោក ម៉ម សង មេភូមិគោករកា និងលោក ចិន សំអន មេឃុំដូនបា ដើម្បីពន្លាតវិសាលភាពអំណាចក្នុងមូលដ្ឋាន និងបំពានលើដែនសមត្ថកិច្ចរបស់ឃុំឆ្នាល់មាន់។
យោងប្រភពច្បាស់ការណ៍ និងឯកសារពាក់ព័ន្ធជាច្រើន បានចង្អុលបង្ហាញថា លោក ចិន សំអន និងលោក ម៉ម សង បាននិងកំពុងគប់គិតគ្នាលួចធ្វើឯកសារលក់-ទិញដីធ្លី ដោយបំពានលើដីឯកជនរបស់ក្រុមហ៊ុន អេហ្រ្វីខាល់ឈ័រ ហ្រ្គីន ហ្វៀល ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្នុងបំណងប្រមូលយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន និងចែកបក្ខពួក ធ្វើមាន ធ្វើបាន ដោយមិនខ្លាចញញើតច្បាប់ឡើយ។
ឯកឧត្តមបណ្ឌិតសំណូមពរឲ្យអាជ្ញាធរស្រុកគាស់ក្រឡគួរទប់ស្កាត់ក្រុមខិលខូច កុំឲ្យប្រើគ្រឿងចក្រឈួសឆាយ ឬសាងសង់លំនៅឋានបំពានលើដីរបស់ក្រុមហ៊ុនទៀត ក្នុងករណីទំនាស់ដីធ្លីនេះ នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយ។
ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ បានបញ្ជាក់ជូនលោកអភិបាលរងស្រុកទៀតថា «ខ្ញុំមកនេះ គឺគ្មានបំណងមករករឿងនោះទេ គឺខ្ញុំមកដើម្បីសម្របសម្រួលដោះស្រាយបញ្ហា ព្រោះភាគីខាងណាដោយ ក៏ជាប្រជាពលរដ្ឋរបស់យើង ហើយខ្ញុំចង់ឃើញភាគីទាំងសងខាង ទទួលបានលទ្ធផលឈ្នះៗ ដែលជាគោលការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
សូមរំឭកថា យោងតាមឯកសារជាច្រើនបានឲ្យដឹងថា ដីរបស់ក្រុមហ៊ុន អេហ្រ្វីខាល់ឈ័រ ហ្រ្គីន ហ្វៀល ដែលមានទំហំជាង៤ពាន់ហិកតា គឺបានទិញដោយចំណាយប្រាក់យ៉ាងច្រើន និងមានឯកសារទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរ ពាក់ព័ន្ធ។ ប៉ុន្តែក្រោយមក ស្រាប់តែមានជនខិលខូចមួយចំនួន បានញុះញង់ឲ្យពលរដ្ឋចូលកាប់ទន្ទ្រានបំពានលើដីក្រុមហ៊ុនជាបន្តបន្ទាប់ រហូតតុលាការខេត្តបាត់ដំបងចេញដីកាចាត់ចែងរក្សាការពារក៏ដោយ ក៏ក្រុមជនខិលខូចទាំងនេះ នៅបន្តសកម្មភាពយ៉ាងគឃ្លើនដដែល។
ក្នុងនោះគេសង្កេតឃើញទៀតថា មានបុគ្គលម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាមន្ត្រីយោធា ឈ្មោះ ធីម សុគន្ធ មានឋានន្តរស័ក្តិវរសេនីយ៍ទោ និងបុគ្គលមួយចំនួនទៀត បានយកដីរបស់ក្រុមហ៊ុនលក់ទៅឲ្យពលរដ្ឋយ៉ាងអាណាធិបតេយ្យ រហូតមកដល់បច្ចុប្បន្ន ដោយមិនខ្លាចរអា ឬញញើតនឹងដីកាចាត់ចែងរក្សាការពាររបស់តុលាការខេត្តបាត់ដំបងឡើយ។
ដោយយោងតាមការរៀបរាប់របស់លោក អ៊ុក សារឿន មេឃុំឆ្នាល់មាន់ លោកបានបញ្ជាក់ថា «លោក ម៉ម សង មេភូមិគោករកា និងលោក ចិន សំអន មេឃុំដូនបា បានបំពានលើស្មារតីសេចក្តីសម្រេច០១ ដែលប្រជុំនៅសាលាស្រុក នាពេលកន្លងមក ដោយបានហាមដាច់ខាតមិនឲ្យអាជ្ញាធរភូមិ ឃុំណាទៅបំពានដែនដីរបស់ភូមិឃុំផ្សេងឡើយ»។
លោក អ៊ុក សារឿន បានរៀបរាប់រំឭកទៀតថា ជាច្រើនឆ្នាំមកហើយ ដែលលោក ម៉ម សង មេភូមិគោករការ និងលោក ចិន សំអន មេឃុំដូនបា បានពន្លាតព្រំប្រទល់ភូមិគោករកា មកបំពានលើភូមិព្រៃទទឹង ដែលជាដែនដីគ្រប់គ្រងរបស់ឃុំឆ្នាល់មាន់ មិនមែនជាដែនគ្រប់គ្រងរបស់ឃុំដូនបាឡើយ។
លោកមេឃុំបន្ថែមថា ក្នុងប្លង់រួមរបស់ស្រុកគាស់ក្រឡ គឺឃុំឆ្នាល់មាន់ ជាប់ព្រំប្រទល់នឹងស្រុកសំឡូត រីឯឃុំដូនបា មិនបានជាប់ព្រំប្រទល់ស្រុកសំឡូតឡើយ តែបច្ចុប្បន្ននេះ បែរជាមេឃុំដូនបា បំពានលើដែនដីគ្រប់គ្រងរបស់ឃុំឆ្នាល់មាន់ ដោយបំពានសេចក្តីសម្រេច០១ ប្រជុំនៅសាលាស្រុកទៅវិញ។
ក្រោយពីបានជ្រាប និងក្រោយពីសង្កេតឃើញទង្វើរំលោភដែនសមត្ថកិច្ចរបស់មេឃុំដូនបា ឈ្មោះ ចិន សំអន ដែលបំពានស្មារតីសេចក្តីសម្រចលេខ០១ និងបំពានដីការបស់តុលាការ លោក ឃៀម រដ្ឋា អភិបាលរងស្រុកគាស់ក្រឡ បានព្រមានថា «លោកមិនអនុញ្ញាតឲ្យអាជ្ញាធរភូមិ ឃុំ ធ្វើការទទួលស្គាល់ លើការទិញ-លក់លើដីក្រុមហ៊ុន ដែលកំពុងមានទំនាស់នេះបន្តទៀតទេ តែបើអាជ្ញាធរភូមិ ឃុំ ហ៊ានគប់គិតគ្នាធ្វើ គឺត្រូវទទូលខុសត្រូវខ្លួនឯង»៕