(ភ្នំពេញ)៖សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២២បានប្រកាសសាលក្រមលោក ឧកញ៉ា លាន អាហ្វ្រីលគីនីន ក្នុងសំណុំរឿង«បង្វែរវត្ថុរឹបអូសឬវត្ថុដាក់ធានា» ដោយកំណត់ឲ្យជាប់ពន្ធនាគារមួយឆ្នាំ តែទោសត្រូវព្យួរ និងសងជំងឺចិត្តទៅភាគីដើមបណ្ដឹង។
ចៅក្រមជំនុំជម្រះលើសំណុំរឿងនេះក៏បានប្រកាសទុកសិទ្ធិឲ្យ ឧកញ៉ា លាន អាហ្វ្រីលគីនីន ប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ផងដែរ។កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ទិត សុទ្ធីប៉ូរ៉ាឆាត បានបើកសវនាការប្រកាសសាលក្រមកំបាំងមុខ ដោយបានសម្រេចផ្តន្ទាទោសលោក ឧកញ៉ា លាន អាហ្វ្រីលគីនីន ដាក់គុករយៈពេលមួយឆ្នាំ (១ឆ្នាំ) តែទោសនោះត្រូវព្យួរ,ពិន័យជាប្រាក់ចំនួន១លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ និងបង្គាប់ឲ្យសងថ្លៃជំងឺចិត្តចំនួន២០លានរៀល ទៅភាគីខាងដើមបណ្ដឹង។
ឧកញ៉ា លាន អាហ្វ្រីលគីនីន អាយុ៤៤ឆ្នាំ ត្រូវបានដើមបណ្តឹងប្តឹងពីបទ បង្វែរវត្ថុរឹបអូស ឬវត្ថុធានាតាមបញ្ញត្តិមាត្រា៣៩៧នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៨។
លោកក៏ធ្លាប់ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ខ្លួនកាលពីអំឡុងខែឧសភា ឆ្នាំ២០២២កន្លងទៅផងដែរ តែអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញក្រោយបញ្ចប់ការសួរនាំ៕