សៀមរាប៖ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ ស្ថាប័នរបស់លោក និងនគរបាលខេត្តសៀមរាប រកមិនទាន់ឃើញមុខក្រុមចោរថ្លើមធំនៅឡើយទេ ដែលបានកាប់ឈើគ្រញូងទុកពូជ មានអាយុជាង៥០ឆ្នាំ។
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោកប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានប្រកាសថា ដើមឈើពូជប្រភេទគ្រញូងចំនួនបួនដើម ដែលមានអាយុកាលប្រមាណជាង៥០ឆ្នាំមកហើយ និងមានតម្លៃជាទឹកប្រាក់រាប់សែនដុល្លារ ត្រូវបានចោរលួចចូលកាប់យកពីក្នុងចម្ការពូជឈើ ស្ថិតនៅក្នុងស្រុកស្វាយលើ និងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
នៅពេលសួរថា អស់រយៈពេលជាងកន្លះខែហើយ តើមន្ទីររបស់លោករកមុខចោរលួចគ្រញូវបានហើយ ឬនៅ? លោក ទា គឹមសុទ្ធ បានមានប្រសាសន៍ «នៅពេលនេះ យើងរកមិនទាន់ឃើញនៅឡើយទេ គ្រាន់តែដឹងតិចៗថា [ក្រុមចោរបានដឹកឈើចេញតាមច្រកណាមួយហើយ]។ កំពុងតែស្រាវជ្រាវទៀត ឲ្យប៉ូលីសកំពុងស្រាវជ្រាវ។ ចាំមើលខាងស្នងការ គេស្រាវជ្រាវបានលទ្ធផលយ៉ាងណាដែរ»។
លោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានមានប្រសាន៍ប្រាប់ទូរទស្សន៍ MSJ នៅល្ងាចថ្ងៃដដែលនេះ មន្ត្រីនគរបាលរបស់លោកមិនទាន់មានតម្រុយណាមួយ ដើម្បីចាប់ជាន់សង្ស័យ ក្នុងបទល្មើសលួចកាប់ដើមគ្រញូងទុកពូជទាំងបួនដើមនេះទេ។
លោកស្នងការនគរនបាលខេត្ត បានមានប្រសាសន៍ដូច្នេះថា «ខាងនគរបាលមិនទាន់កំណត់ជនសង្ស័យបានទេ។ វាជារឿងហើយពិបាកដៃរ ដោយសារតំបន់នោះ ខាងរដ្ឋបាលព្រៃសហការជាមួយយោធា ដើម្បីការពារ»។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បាននិយាយនៅក្នុងសេចក្តីជូនដំណឹងថា ឈើគ្រញូងដ៏ចំណាស់បួនដើមនេះ គឺជាឈើត្រូវបានរក្សាទុកសម្រាប់យកគ្រាប់ ដើម្បីបណ្តុះពូជកូនគ្រញូង ស្ថិតនៅដីទំហំជិត២០០០ហិកតា នៃតំបន់នេះមានសក្តានុពលធនធានព្រៃឈើដ៏មានតម្លៃ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន ចេញប្រកាស លេខ៦០២ ប្រក.កសក ទទួលស្គាល់ជាតំបន់ស្តារ និងអភិវឌ្ឍន៍ព្រៃឈើ ចុះថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៦។
នៅក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា ឈើទាំងនេះ ស្ថិតនៅភូមិសាស្ត្រឃុំកន្ទួត ស្រុកស្វាយលើ និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានគ្រប់គ្រង និងអភិវឌ្ឍតាំងពីឆ្នាំ២០០១ ក្នុងគោលបំណងថែរក្សាជីវចម្រុះ អភិរក្សធនធានសេនទិចព្រៃឈើ តំបន់លំហែកម្សាន្ត និងសម្រាប់ស្រាវជ្រាវវិទ្យាសាស្ត្រ។
លោកប្រធានមន្ទីរកសិកម្ម បានប្រកាសថា «ជនខិលខូចមិនស្គាល់អត្តសញ្ញាណ ចូលលួចកាប់ដើមឈើពូជ ប្រភេទគ្រញូងចំនួនបួនដើម ដែលមានអាយុកាលប្រមាណ៥០ឆ្នាំមកហើយ ដែលជាបទល្មើសឧក្រិដ្ឋបង្កការបាត់បង់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដ៏មានតម្លៃ នៅក្នុងចម្ការពូជឈើគ្រញូង»។
ទោះបីជានៅក្នុងសេចក្តីជូនដំណឹងខាងនេះ លោក ទា គឹមសុទ្ធ មិនបានបញ្ជាក់ពីពេលវេលាជាក់នៃសកម្មភាពលួចកាប់ដើមគ្រញូងនេះក៏ដោយ ក៏លោកសុខចិត្តផ្តល់រង្វាន់ជាទឹកប្រាក់ចំនួន១ ០០០ដុល្លារ ដល់ជនណា ដែលស្គាល់ចោរលួចឈើ ព្រមទាំងរក្សាការសម្ងាត់មិនបង្ហាញអត្តសញ្ញាណរបស់អ្នកផ្តល់ព័ត៌មានឡើយ។
នៅពេលសួរថា តើចោរលួចនៅថ្ងៃណា ពេលវេលាណាច្បាស់លាស់ លោកបានឆ្លើយតបថា បើលោកដឹងពេលវេលាពិតប្រាកដ លោកនឹងចាំចាប់ចោរនោះហើយ។
លោកមានប្រសាសន៍តាមទូរស័ព្ទថា «ឲ្យតែយប់ណាភ្លៀង វាលួចតែម្តង។ នៅថ្ងៃទី៨-៩ ក៏លួច និង១២ [ខែមិថុនា] លួចទៀត… ជាឈើធម្មជាតិ មិនមែនឈើដាំទេ។ ឈើខ្លះមានអាយុ៥០-៦០ឆ្នាំ ហើយឈើខ្លះមានមុខកាត់ប្រាំមួយតឹក និងមានតម្លៃអាចទិញឡានឡិចស៊ីសបានមួយគ្រឿង»។
ដើម្បីទទួលបានដំណឹងពីអ្នកស្គាល់ចោរលួចឈើគ្រញូងអាយុ៥០ឆ្នាំទាំងបួនដើមនេះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានប្រាប់លេខទូរស័ព្ទផ្ទាល់ខ្លួនរបស់លោកដល់មហាជនទូទៅ អាចទាក់ទងផ្តល់ព័ត៌មានជូនលោក គឺលេខទូរស័ព្ទ ០៩២ ២២៥ ៥៥៥ និង ០៩៧ ៦៦ ៦៦ ៨៤៤៕