ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ថា៖ បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ទាមទារឲ្យមនុស្សដើរតួនាទីថ្មី នៅក្នុងវិស័យសេដ្ឋកិច្ច

 

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ការរីកចម្រើនយ៉ាងលឿននៅលើបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត កំពុងវិវត្តន៍ទៅរកបដិវត្តន៍ឧស្សាហកម្មទី៤  ស្ថិតក្នុងបរិកាណ៍នេះ ទាមទារឲ្យមនុស្សដើរតួនាទីថ្មី នៅក្នុងវិស័យសេដ្ឋកិច្ច។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារវិទ្យាសាស្រ្ត មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ និងសមិទ្ធផលនានា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។

លោក ឧបនាយករដ្ឋមន្រ្តី បន្តថា ដោយមើលឃើញពីសក្តានុពលនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនិវានុវត្តន៍ ដើរតួជាថ្មីនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយៈការជម្រុញភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច និងសម្រាប់ពន្លឿននូវកិច្ចអភិវឌ្ឍន៍ជារួម តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការ និងគោលនយោបាយមួយចំនួន សំដៅជួយភិវឌ្ឍន៍ដល់វិស័យនេះ ដែលទាមទារឲ្យមនុស្សដើរតួនាទីថ្មី នៅក្នុងវិស័យសេដ្ឋកិច្ច ។

លោក ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា អគារសិក្សាមួយនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដើម្បីចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់សេដ្ឋកិច្ចកម្ពុជា នៅក្នុងសត្សវត្យទី២១។

ដើម្បីបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ជាពិសេសធ្វើឲ្យសិស្ស និស្សិតកម្ពុជា ត្រៀមខ្លួនបានយ៉ាងល្អ ដោយបណ្តុះលើផ្នែកវិទ្យាសម្បទា ផ្នែកបំណិនសម្បទា និងផ្នែកចរិយាសម្បទា ដែលជាគន្លឹះនៃការចូលរួមប្រកបដោយសក្តានុពល នៅក្នុងសេដ្ឋកិច្ចឌីជីថលដែលកំពុងវិវត្តន៍នេះ ។

សូមបញ្ជាក់ថា  រាជរដ្ឋាភិបាលបានបង្កើនចំណាយប្រមាណ ២២៩លានដុល្លាអាមេរិក ត្រូវនឹង ១,៧៦% នៃផសស នៅក្នុងឆ្នាំ២០១៣ ឡើងដល់ប្រមាណ ៨៥២ លានដុល្លារ ត្រូវនឹង ៣,៤៦% នៃផសស នៅឆ្នាំ២០១៨ ពោលគឺការចំណាយសរុបរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបង្កើនជាង៣ដងនៅក្នុងវិស័យនេះ។ ចំពោះអគារវិទ្យាសាស្រ្ត និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ដែលទើបសាងសង់ឡើង ចំណាយថវិការជាង៣លានដុល្លារអាមេរិកផងដែរ ដើម្បីគាំទ្រថល់ធុរកិច្ចថ្មី ផ្នែកបច្ចេកវិទ្យា និងការបង្កើនមូលនិធិជំនាញផ្សេងៗ ៕