ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និបាត វិសាមញ្ញគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ:គណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី១៦ខែកក្កដា ឆ្នាំ ២០២២ ប្រារព្ធសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាលគណបក្សនៅវិមាន៧មករារយ:ពេលពីរថ្ងៃនៅថ្ងៃទី ១៦និង១៧ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តយសគណប ក្សប្រជាជនកម្ពុជា។
ក្រៅពីនេះមានវត្តមាន សម្ដេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្ដេចពិជ័យសេនា ទៀ បាញ់កិត្តិសង្គហបន្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងមានការចូលរួមពីសមាជិកគណកម្មាធិការកណ្ដាលគណបក្ស ចំនួន ៧៤៣រូប លើ ៨៦៥រូប ។

អង្គសន្និបាតក៏បានបើកទូលាយដោយមានការអញ្ជើញឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង-ស្ថាប័នរាជ ធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ អង្គការមហាជន ក្រុមការងារចុះជួយមូលដ្ឋាន ឱ្យចូលរួម និងមានការផ្តល់វេទិបញ្ចេញមតិពិភាក្សាលើរបាយការណ៍ សំដៅស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ និងកំណត់ទិសដៅសម្រាប់ភារកិច្ចនៅពេលបន្តទៀត ក្នុងនោះមានចំនួនសរុប ៣.៤៧៤រូប។

អង្គសន្និបាត បានធ្វើឡើងនាពេលនេះ ស្របពេលដែលគណបក្សទទួលបានជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលថ្មីៗកន្លងមកនេះ។
ថ្លែងបើកសន្និបាត សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានលើកឡើងថា សន្និបាតនៅពេលនេះ បានបើកទូលាយទាំងគណៈកម្មាធិការកណ្ដាលផង និងមន្ត្រីនៅថ្នាក់មូលដ្ឋានមកចូលរួមជាមួយផងដែរ។

សម្ដេចប្រធានបានបន្តថា ដោយសារស្ថានភាពនៃវិបត្តិជំងឺកូវីដ -១៩ បានរំខានដល់ការជួបជុំរបស់យើង ហើយស្ថានភាពនេះបានធូស្រាល យើងក៏មានការជួបជុំនៅពេលនេះ។
សម្ដេចតេជោបានបញ្ជាក់ថា ការបើកសន្និបាតនាពេលនេះក៏ដើម្បីស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយស្វែងរកហេតុនិងផល ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥កន្លងមក ហើយនឹងពិភាក្សាពីគោលដៅ ដើម្បីបំពេញបន្ថែម ឈានទៅរកការឈ្នះឆ្នោតក្នុងការបោះឆ្នោតតំណារាស្ត្រ នាឆ្នាំ២០២៣ ពេលខាងមុខនេះ។

ជាមួយគ្នានោះ សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស បានថ្លែងថា លទ្ធផលនៃការអនុវត្តទិសដៅ គោល ការណ៍ គោលនយោបាយ សេចក្ដីណែនាំ និងសេចក្ដីសម្រេចចិត្តនានារបស់ថ្នាក់កណ្ដាលបានធ្វើឱ្យតួនាទីដឹកនាំរបស់គណបក្សកាន់ តែលេចធ្លោទាំងនៅក្នុង និងក្រៅប្រទេស ហើយជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បញ្ជាក់ថា ប្រជាជនកម្ពុជា នៅតែត្រូវការតួនាទីរបស់គណបក្សប្រជាជនបន្តទៀតក្នុងការដឹកនាំកម្ពុជា។
សម្ដេចពញាចក្រីក៏បានលើកឡើងអំពីលក្ខណៈពិសេសរបស់គណ បក្សប្រជាជនថា៖ជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោ បាយ មានការគាំទ្រពីប្រជាជន មានរចនាសម្ព័ន្ធចាត់តាំងរឹងមាំ ធនធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាពសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងមានរបៀបធ្វើការងារត្រឹមត្រូវ។
ទាំងអស់នេះធ្វើឱ្យយើងជម្នះបាននូវការលំបាកទាំងឡាយ ជាពិសេសធ្វើឱ្យបរាជ័យនូវរាល់ឧបាយកលរបស់ពួកប្រឆាំងជ្រុលនិយម ដែលតែងយកជើងរាទឹក និងប៉ុនប៉ងបំផ្លាញដល់ដំណើរការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សម្ដេចពញាចក្រី បានបញ្ជាក់ថា កម្មវត្ថុនៃការពិភាក្សារបស់អង្គសន្និបាតនៅពេលនេះ គឺជាការស្វែងរកឱ្យឃើញនូវរាល់ហេតុ និងផលទាក់ទងដល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំនេះ ដើម្បីមានមូលដ្ឋានជំរុញធ្វើឱ្យគណបក្សទទួលបានជ័យជម្នះនៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ ខាងមុខ។

ចំណែក សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធាន និងជាអគ្គលេខាបក្ស បានលើកឡើងថា ឆ្លងកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានឆ្លុះបញ្ចាំងពីភាពចាស់ទុំនយោបាយនៃដំណើការប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា។ ជោគជ័យនេះបានបង្ហាញនូវការគាំទ្រដ៏រឹងមាំ និងការផ្ដល់យុត្តិធម៌ពីប្រជាជនដល់គណបក្ស។
សម្ដេចវិបុលសេនាភក្ដី បានបញ្ជាក់ថា យើងមិនត្រូវមានមោទនភាពពេក ចំពោះលទ្ធផលបោះឆ្នោតនេះទេ ដោយយើងត្រូវប្រឹងប្រែងពុះពារជម្នះ ហើយបន្តធ្វើសកម្មភាពឥតថមថយប្រកបដោយប្រសិទ្ធភាពទាំងក្នុងការអនុវត្តកម្មវិធីនយោបាយទាំងក្នុងការកសាងពង្រឹងគណបក្សទាំងការផ្សារភ្ជាប់បម្រើប្រជាជនហើយព្យាយាមលុបបំបាត់នូវបាតុភាពអសកម្មដែលធ្វើឱ្យប្រជាជនថ្នាំងថ្នាក់ដើម្បីធានាមូលដ្ឋានដ៏រឹងមាំសម្រាប់ជ័យជម្នះរបស់គណបក្សយើង។
សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា មានសមាជិកគណកម្មាធិការកណ្ដាលចំនួន ៨៦៥រូប តែមកដល់ថ្ងៃនេះមានសមាជិក បានទទួលមរណភាព និងសុំលាឈប់ពីគណបក្ស ទៅធ្វើជាសមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយបច្ចុប្បន្ន មានសមាជិកគណកម្មាធិការកណ្ដាលនៅសល់ចំនួន ៨២៦រូប ៕