ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំដល់ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងអាជីវករដឹកជញ្ជូនអ្នកដំណើរទាំងអស់ ត្រូវអនុវត្តតាមគោលការណ៍ណែនាំ ៣ ចំណុច ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៩។
គោលការណ៍ណែនាំទាំង ៣ចំណុច របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន៖
១-រក្សាតម្លៃសេវាដឹកជញ្ជូនអ្នកដំណើរឲ្យនៅដដែល ដូចតម្លៃធម្មតា ដែលសមាគមដឹកជញ្ជូនអ្នកដំណើរ ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូន ធ្លាប់យកក្នុងថ្ងៃធម្មតា
២-មិនអនុញ្ញាតឲ្យផ្ទុកអ្នកដំណើរលើសចំណុះ និងផ្ទុកទំនិញសំពីងសំពោងខុសលក្ខណៈបច្ចេកទេស គ្មានផាសុខភាព ដែលងាយបង្កឲ្យមានគ្រោះថ្នាក់
៣-ដើម្បីជៀសវាងគ្រោះថ្នាក់ ដែលកើតឡើងជាយថាហេតុ ក្នុងពេលធ្វើដំណើរ សូមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងការយោគយល់អធ្យាស្រ័យគ្នាក្នុងការបើកបរ។
សូមរម្លឹកថា ជាវិធានការទប់ស្កាត់នឹងការឡើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុនឯកជន និងឡានឈ្នួល ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រាជរដ្ឋាភិបាល បានបញ្ចេញឡានក្រុង ១២០ គ្រឿង ដឹកជញ្ជូនអ្នកដំណើរដោយឥតគិតថ្លៃ ពីភ្នំពេញ ទៅកាន់បណ្តាខេត្តនានា នៅតាមផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨។ ឡានក្រុងដឹកអ្នកដំណើរដោយមិនគិតថ្លៃនេះ ចាប់ផ្តើមចេញដំណើរ នៅម៉ោង ៥ និង ៣០នាទីព្រឹកថ្ងៃទី១២ ខែមេសា រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩៕