ប៉ូលីសរបស់ប្រទេសទួរគីបានបើកប្រតិបត្តិការចាប់ខ្លួនជនសង្ស័យប្រមាណជាង៤០០នាក់នៅទូទាំងប្រទេស កាលពីថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩នេះ ដោយចោទប្រកាន់ជនសង្ស័យពីបទពាក់ព័ន្ធផែនការធ្វើរដ្ឋប្រហារមិនបានសម្រេច កាលពីឆ្នាំ២០១៦កន្លងទៅ ។
ក្នុងចំណោមជនសង្ស័យទាំងជាង៤០០នាក់នោះ ប៉ូលីសទួរគី បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន១២៧នាក់ និងរង់ចាំការស៊ើបអង្កេតបន្ត និងការបើកសវនាការកាត់ក្តីពីតុលាការនៃប្រទេសនេះ ។
សូមរំលឹកថា កាលពីឆ្នាំ២០១៦កន្លងទៅ រដ្ឋប្រហារមួយបានកើតឡើងនៅទួរគី ហើយបើតាមរដ្ឋាភិបាលទួរគីអះអាងថា ជារដ្ឋប្រហារដែលរៀបចំឡើងដោយបព្វជិតសាសនាអ៊ីស្លាម Fethullah Gulen ដែលរស់នៅលើទឹកដីអាមេរិក ដោយមានការជួយជ្រោមជ្រែងពីអាមេរិក ក្នុងបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ៕