លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនិងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនៅនេប៉ាល់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញត្រឡប់មកប្រទេសកម្ពុជាវិញដោយសុខសុវត្ថិភាពហើយកាលពីយប់ថ្ងៃទី១ខែវិច្ឆិកានេះ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់រយៈពេល៣ថ្ងៃកន្លងមកនេះ។
លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនិងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនៅប្រទេសនេប៉ាល់គឺទទួលបានលទ្ធផលផ្លែផ្លាគួរជាទីមោទនភាព ដោយក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជួបជាមួយ លោកស្រី ប៊ីធយ៉ា ដេវី បានដាវី ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ និងជំនួបទ្វេភាគីជាមួយ លោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៤ ដែលផ្តោតទៅលើ ការលើកលែងទិដ្ឋាការ visa សម្រាប់លិខិតឆ្លងដែនការទូតនិងផ្លូវការជាពិសេសកិច្ចព្រមព្រៀងពាក់ព័ន្ធវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងអនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេសទាំងពីរកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។
ដោយឡែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ នៅនេប៉ាល់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកអំពី “ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃយុគសម័យរបស់យើងៈ ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសាកល”។
នៅក្នុងពេលស្នាក់នៅក្នុងប្រទេសនេប៉ាល់ សម្តេចតេជោក៏បានអញ្ជើញទស្សនាទីប្រជុំជនបុរាណ ប៉ាតាន់ ឌួបា ដែលជារមណីដ្ឋានក្នុងបញ្ជីបេតិភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕