កំពង់ធំ ៖ លោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នេះ ស្ថិតនៅខេត្តកំពង់ធំ រួមមានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង ជំងឺអុតក្តាម និងជំងឺដុំពកស្បែកលើ សត្វគោក្របីជូនប្រជាពលរដ្ឋនៅក្នុងភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ។
លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ជំងឺអុតក្តាម ជំងឺដុំពកស្បែកគោ ក្របី បង្កដោយវីរុស ដែលមានលេចចេញរោគសញ្ញាជាដុំពកតូចៗ ឬ ធំ នៅស្បែកនៃដងខ្លួនសត្វ កញ្ចឹងក ច្រមុះ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះ និងកម្តៅខ្លួនអាចឡើងដល់៤១អង្សារសេ។ ដុំពកនេះ អាចបង្កទៅជាក្រមរ ហើយអាចបង្កទៅជាដំបៅ ចំពោះសត្វឈ្មោលអាចបាត់បង់សមត្ថភាពបង្កកំណើត និងមេផើមអាចរលូតកូន។ ជំងឺនេះ អាចបណ្តាលឲ្យសត្វងាប់បាន។ មេរោគជំងឺនេះ អាចឆ្លងតាមរយៈការប៉ះផ្ទាល់ តាមរយៈ រុយ មូស ដង្កែ តាបោម ការដឹកជញ្ជូន ចំណីសត្វ ទឹមមេជីវិត និងភ្នាក់ងារចម្លងផ្សេងៗទៀត។ មេរោគជំងឺនេះ អាចរស់នៅក្នុងក្រមរស្បែកស្ងួតរហូតដល់ ៣ខែឯណោះ។
លោកតាន់ ផាន់ណារ៉ា បញ្ជាក់អោយដឹងទៀតថា អាជ្ញាធរភូមិ ឃុំ ប្រជាពលរដ្ឋ ប្រជាកសិករចូលរួមជាមួយមន្ត្រីជំនាញដូចជា ៖ ១-សូមលោកមេឃុំ មេភូមិ បន្តស្រាវជ្រាវឲ្យអស់នូវគ្រួសារដែលមានសត្វ ឈឺនិងជួយផ្សព្វផ្សាយកុំឲ្យមានការចល័តគោ ក្របី ចេញក្រៅភូមិ ដើម្បីឲ្យស៊ីចំណី ឬ លក់គោដែលមានក្នុងភូមិសាស្ត្រសត្វឈឺនេះឲ្យសោះ ។ ២-សូមបងប្អូនប្រជាកសិករ ចូលរួមតាមការគិតគូរនិងស្នើសុំរបស់ថ្នាក់ដឹកនាំ សហការជាមួយមន្ត្រីជំនាញ ពិនិត្យព្យាបាលដោយមិនយកកម្រៃអ្វីទាំងអស់ ។
៣-ក្រៅពីជំងឺនេះ សូមបងប្អូន ចូលរួមចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម និងសារទឹកឲ្យបានគ្រប់សត្វទាំងអស់ ។ ៤-សូមបងប្អូន ប្រើប្រាស់ថ្នាំទម្លាក់ព្រូន ឬ សត្វល្អិត លើសត្វគោ ក្របី ឲ្យបានទៀងទាត់ ដើម្បីឲ្យគោ ក្របី ធំធាត់បានលឿន។ ៥-សូមលាងសម្អាតគោឲ្យបានរៀងរាល់ថ្ងៃ ជាមួយនឹងទឹកសាប៊ូ ឬ ទឹកស្អាត ដើម្បីជម្រះមេរោគផងនិងធ្វើឲ្យគោត្រជាក់ខ្លួនផង និងជួយជំរុញដល់ការធំធាត់លឿនផងដែរ។ និង៦-សូមរាយការណ៍ជូនលោកមេភូមិ មេឃុំ ភ្នាក់ងារសុខភាពសត្វភូមិ ជាបន្ទាន់ ក្នុងករណីពិនិត្យឃើញថា សត្វគោ ក្របី មានអាការៈជំងឺមិនប្រក្រតីកើតឡើង។
នៅក្នុងពិធីនេះដែរមន្ត្រីជំនាញក៏បានចែកថ្នាំព្យាបាល និងសម្ភារៈសម្រាប់ប្រើប្រាស់ព្យាបាលសត្វគោក្របីដល់មន្ត្រីពេទ្យសត្វស្រុក ពេទ្យសត្វឃុំ និងពេទ្យសត្វភូមិ រួមទាំងបានបង្ហាត់បង្រៀនដល់គ្រូបង្គោលតាមភូមិផងដែរ៕