ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានស្ថាប័នចារកម្មសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក​​ LAU Peet Meng ប្រធា​នស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។
ឯកឧត្តម LAU បានគោរពជម្រាបជូនសម្ដេចតេជោថា លោក​​ បានមកកាន់កម្ពុជាកាលពីឆ្នាំ២០២០ ហើយពេលនេះ លោក​​ ឃើញមានការរីកចម្រើនយ៉ាងខ្លាំង ជាមួយសុខសន្តិភាព និងស្ថិរភាព ។
លោក​​ LAU បានគោរពសម្ដែងការអបអរសាទរជូនដល់សម្ដេចតេជោ ដែលបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានជោគជ័យ ជាពិសេស ពេលដែលពិភពលោក កំពុងជួបប្រឈមនិងបញ្ហាជំងឺកូវីដ១៩ , បញ្ហានៅប្រទេសមីយ៉ាម៉ា, បញ្ហានៅប្រទេសអ៊ុយក្រែន និងបញ្ហានៅសមុទ្រចិនខាងត្បូង។ល។
លោក​​ LAU បានបន្ថែមថា សម្ដេចតេជោ មិនត្រឹមតែបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានជោគជ័យទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជួយរកសន្តិភាពសម្រាប់តំបន់ និងពិភពលោកផងដែរ។ ក្នុងឱកាសនោះដែរ លោក​​​បានគោរពសុំអនុសាសន៍ពីសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណា ជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែខ្លាំងឡើង ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក​​ LAU ដែលបានវាយតម្លៃលើវឌ្ឍនភាពរបស់កម្ពុជា និងវឌ្ឍនភាពលើកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
សម្ដេចតេជោបានមានប្រសាសន៍ថា ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺបានមកពីការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់។ ក្នុងន័យនេះ សម្ដេចតេជោ បានថ្លែងអំណរគុណសិង្ហបុរីផងដែរ ដែលបានចូលរួមធ្វើឲ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបានជោគជ័យ។
លើសពីនោះទៀត សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ដល់ លោក​​ LAU ដោយសូមឲ្យសិង្ហបុរី លើកទឹកចិត្ត ជំរុញការតភ្ជាប់ ជាពិសេសការតភ្ជាប់តាមផ្លូវអាកាស ដោយជំរុញឱ្យទេសចរណ៍ដែលមកដល់សិង្ហបុរី ហើយបានបន្តមកដល់កម្ពុជាផង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកិច្ចសហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលផងដែរ ៕